(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបង្ហាញពីគោលបំណងជ្រើសយកប្រធានបទប្លាស្ទិក ដាក់ក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ ថង់ប្លាស្ទិក គឺជាសត្រូវទី១ របស់មនុស្ស ហើយបើសិក្សាឱ្យបានស៉ីជម្រៅទៅ វាជារឿងដ៏ធំមួយ គឺជាឃាតកកំបាំងមុខនឹកស្មានដល់។

ជាមួយគ្នានេះដែរ លោកបណ្ឌិតបានឱ្យដឹងថា ប្រទេសនៃមហាអនុតំបន់មេគង្គ បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយសំណល់ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។ តំណាងនៃប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជំហរក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ ទន្ទឹមនឹងការប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។

ក្នុងឱកាសធ្វើស​ន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផល នៃកិច្ចលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា ការជ្រើសរើសយកប្រធានប្រធានបទប្លាស្ទិក ដាក់បញ្ចូលទៅលក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ គឺមានបំណងធ្វើយ៉ាងណា យើងរួមគ្នាសំអាតផ្ទះរបស់យើង កម្ពុជា បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ, កាលណាដែលយើងសំអាតប្លាស្ទិកបានហើយទឹកដែលយើងទាញពីទឹកទន្លេ គឺស្អាតហើយ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កាលណាសម្អាតទន្លេស្អាត ផ្ទៃដីមានភាពស្អាត យើងអាចធ្វើការដាំដុះដំណាំបានល្អ នោះសុខភាពរបស់ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ ទទួលមានសុខភាពល្អ។

«យើងគិតថា ប្លាស្ទិក គឺជារឿងតូចសម្រាប់យើង ប៉ុន្តែ បើយើងសិក្សាឱ្យបានស៉ីជម្រៅទៅ វាជារឿងដ៏ធំមួយ គឺជាឃាតកកំបាំងមុខ ដែលយើងពុំដែលនឹកស្មានដល់ នៅពេលដែលយើងមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម យើងថារលាកសួត នៅពេលយើងកើតជំងឺមហារីកយើងថាញាំចំណីអាហារមិនល្អ មានជាតិគីមី។ សួរថា តើគីមីណុងមកពីណា? សួរថាតើសរលាកសួតហ្នឹងហេតុបានរលាកសួត ថងប្លាស្ទិក គឺជាកត្តាសំខាន់នាំទៅដល់ជំងឺរលាកសួត តម្រង់នោម មហារីក»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត។

លោករដ្ឋមន្ត្រី បានអះអាងថា សុខភាពរបស់ប្រជាពលរដ្ឋ មានសារៈសំខាន់ខ្លាំងណាស់ មានសុខភាពល្អ មានភាពឈ្លាសវៃ សុខភាពមិនល្អនោះនឹងធ្វើកិច្ចការងារអ្វីក៏មិនកើតដែរ។ «អ៊ឹចឹងទេ ប្លាស្ទិក គឺជាសត្រូវទី១ របស់ក្រសួងបរិស្ថាន ហើយការប្រែប្រួលអាកាសធាតុក៏មានការចូលរួមចំណែកពីថងប្លាស្ទិកនេះដែរ»

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការប្រែប្រួលអាកាសធាតុមកពីកត្តាចំនួន៥ គឺទី១៖ កត្តាឧស្សាហកម្ម, ទី២៖ ការបាត់បង់ព្រៃឈើ, ទី៣៖ ការធ្វើការសិកម្ម, ទី៤៖ ថាមពល និងទី៤៖ សំរាមប្លាស្ទិក។ កត្តាទាំង៥ចំណុចនេះហើយ បានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ ត្រង់ចំណុចនេះក្រសួងបរិស្ថានបាននឹងខិតខំធ្វើការបំបែកកត្តាទាំង៥នេះ ជាចំណែកដើម្បីទប់ស្កាត់ពីជ្រុងមួយរបស់ប្រទេសកម្ពុជា កុំឱ្យការប្រែប្រួលអាកាសធាតុកើតឡើងពីកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជាដើម។

សំណល់ប្លាស្ទិកអាចបង្កឱ្យមានទឹកជំនន់ ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក ដូចក្នុងករណីទឹកជំនន់នៅប្រទេសបង់ក្លាដែស។ កាលពីឆ្នាំ២០០២ ប្រទេសបង់ក្លាដែស ក្លាយជាប្រទេសទី១ នៅក្នុងពិភពលោក ដែលដាក់បម្រាមមិនឱ្យប្រើប្រាស់ថង់ប្លាស្ទិក ក្រោយពេលដែលថង់ប្លាស្ទិកធ្វើឱ្យស្ទះប្រព័ន្ធលូពេលគ្រោះទឹកជំនន់ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ។

បច្ចុប្បន្ននេះ សំរាមភាគច្រើននៅក្នុងសមុទ្រ គឺសំរាមប្លាស្ទិក។ ជារៀងរាល់ឆ្នាំ​ប្លាស្ទិក​ប្រមាណ ៨លានតោន ហូរចូលទៅក្នុងសមុទ្រ ស្មើនឹងឡានដឹកសំរាមធំមួយពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០% ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ ក្នុងចំណោមទន្លេទាំង ១០នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។ ប្លាស្ទិកផ្លាស់ទីពីដីទៅក្នុងទន្លេ ដោយសារការបោះចោលទៅក្នុងទន្លេ ឬតាមរយៈខ្យល់បក់ ហើយចុងក្រោយ វាធ្លាក់ចូលទៅក្នុងសមុទ្រ។

នៅតំបន់សមុទ្រ ថនិកសត្វ ត្រី និងបក្សីជាច្រើន រងផលប៉ះពាល់ ដោយសារការស៊ីប្លាស្ទិក ឬជាប់ទាក់នឹងប្លាស្ទិក។ កន្លងមក មានសត្វសមុទ្រជាប់ទាក់នឹងសម្ភារប្លាស្ទិកចំនួនជាង ៣៤៤ករណី ដែលត្រូវបានរាយការណ៍។ ជារៀងរាល់ឆ្នាំ មានបក្សីសមុទ្រចំនួនជាង ១ លានក្បាល និងសត្វសមុទ្រ ចំនួន ១០០,០០០ក្បាលបាត់បង់ជីវិត ដោយសារច្រឡំស៊ីប្លាស្ទិកជាចំណី។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ក៏រងប៉ះពាល់ដោយសារទទួលរងការសឹករិចរិល និងការខូចខាតបង្កឡើងដោយសារឧបករណ៍នេសាទដែលធ្វើពីប្លាស្ទិកផងដែរ។

ប្លាស្ទិកចូលទៅក្នុងខ្លួនរបស់មនុស្ស តាមរយៈត្រីដែលយើងបរិភោគ ប្លាស្ទិកភាគច្រើននៅក្នុងសមុទ្រ បំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម ៥ មីលីម៉ែត្រ ដែលគេហៅថា «មីក្រូប្លាស្ទិក»

បក្សី និងត្រីជាង ៩០% ត្រូវបានគេរាយការណ៍ថា មានផ្ទុកកំទិចប្លាស្ទិកតូចៗក្នុងពោះរបស់វា។ សារធាតុពុលទាំងនេះកើនឡើងបន្តិចម្តងៗ និងហូរចូលមកក្នុងសង្វាក់អាហារពីត្រីទៅមនុស្ស។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បង្ហាញថា ខ្លួនមនុស្សដែលត្រូវបានពិនិត្យទាំង ១០នាក់ សុទ្ធតែមានផ្ទុកមីក្រូប្លាស្ទិក។ ខណៈពេលផលប៉ះពាល់ដែលបង្កឡើងដោយសារប្លាស្ទិកមិនទាន់ត្រូវបានគេដឹងនៅឡើយ ការប្រមូលផ្ដុំសារធាតុគីមីបន្តិចម្តងៗក្នុងមីក្រូប្លាស្ទិកនេះ អាចបង្កបញ្ហានាំឱ្យអន្តរាយដល់សុខភាពនៅក្នុងរយៈពេលវែង។ ដោយសារតែប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានៅទីជនបទជាង ៦០% បរិភោគត្រីតសម្រាប់ទទួលបានប្រូតេអ៉ីន នេះគឺជាបញ្ហាមួយដ៏មានសារៈសំខាន់។

ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថាវាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។ នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺមហារី។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទាំងនោះបានរួមចំណែកធ្វើឱ្យមានបំរែបំរួលអាកាសធាតុផងដែរ៕