(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋគ្រប់គ្នានោះ នឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះហើយ ក្នុងនោះក្រុមការងារក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល សហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្ដួចផ្ដើមឱ្យមានយុទ្ធនាការធំៗចំនួន៤ ដើម្បីជាប្រយោជន៍ធំធេងសម្រាប់វិស័យទេសចរណ៍ វប្បធម៌ សប្បុរសធម៌ ធុរកិច្ច ក៏ដូចជាលើកស្ទួយកិត្យានុភាពប្រទេសជាតិផងដែរ។
ខាងក្រោមនេះជាលំដាប់លំដោយសកម្មភាពសំខាន់ៗនៃ Gumball 3000 Rally in Cambodia៖
* នៅថ្ងៃទី១៥ ខែកញ្ញា៖ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ
បាវិត ខេត្តស្វាយរៀង និងបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីមហាជនស្វាគមន៍គណៈប្រតិភូ Gumball 3000 ហើយក៏មានការតាំងបង្ហាញរថយន្តនៅតាមបណ្ដោយផ្លូវខាងកើតវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារមុខវត្តបទុមវតី។ ប្រតិភូ Gumball 3000 នឹងសម្រាក១យប់នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ផុតលេខនៅកម្ពុជា។
* នៅថ្ងៃទី១៦ កញ្ញា៖ ប្រតិភូ Gumball 3000 ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយមានរថយន្តប្រតិភូ Gumball 3000 ប្រមាណ១២០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណជាង៣០០គ្រឿង។ ទៅដល់ខេត្តសៀមរាបនាពេលរសៀល ប្រតិភូ Gumball 3000 នឹងជិះរថយន្តគយគន់ទេសភាពវង់តូចនិងវង់ធំ ចូលទៅទស្សនាប្រាសាទអង្គរវត្ត ទស្សនាទេសភាពថ្ងៃលិចនៅប្រាសាទប្រែរូប។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញរថយន្ត Sport Cars, Super Cars & Luxury Cars នៅមុខសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងតាមបណ្ដោយផ្លូវស្របនឹងព្រះអង្គចេកព្រះអង្គចម សរុបប្រមាណ១២០គ្រឿង។ បន្ទាប់មក ប្រតិភូ Gumball 3000 អញ្ជើញធ្វើដំណើរតាមរថយន្តក្រុងទៅកាន់សណ្ឋាគារ Raffles Grand Hotel d'Angkor។ នារាត្រីថ្ងៃទី១៦នោះដែរ ក៏នឹងមានវេទិកាធុរកិច្ចរវាងប្រតិភូ Gumball 3000 និងវិស័យឯកជនក្នុងស្រុក ព្រមទាំងចូលរួមរាត្រីស្រមោលស ទស្សនាការសម្ដែងនូវរបាំប្រពៃណីខ្មែរ និងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត នៅមុខប្រាសាទបាយ័ន្ត។
* នៅថ្ងៃទី១៧ កញ្ញា៖ ប្រតិភូ Gumball 3000 អញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត និងមានការតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក Sport Car, Super Car, Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Records មុខប្រាសាទអង្គរវត្ត។ បន្ទាប់មក គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី បញ្ចប់នៅប្រទេសសិង្ហបុរី៕