(ភ្នំពេញ)៖ អ្នកឧកញ៉ាដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលនិងសេវាកម្មហាឡាលកាន់តែទទួលបានការទទួលស្គាល់ និងពេញនិយមពីអតិថិជនជាមុស្លីម និងមិនមែនមុស្លីម ដូច្នេះកម្ពុជាត្រូវចូលរួមផ្គត់ផ្គង់ផលិតផលហាឡាលឱ្យបានសមស្របតាមបទដ្ឋានហាឡាលពិភពលោក។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធក្រុមហ៊ុន ហាឡាល ផាក ខេមបូឌា (Halal Park Cambodia) នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក Mohd Amin bin Mohd Zain ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន ហាឡាលផាក ខេមបូឌា អ្នកតំណាងមកពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម តំណាងមកពីស្ថាប័នហាឡាលជាតិ ដូចជា គណៈកម្មការកណ្តាលឥស្លាម ថៃ (CICOT) នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) គណៈកម្មការឥស្លាមរដ្ឋ Johor ម៉ាឡេស៊ី (Majlis Agama Islam Negeri Johor) ក្រុមប្រឹក្សាឥស្លាមសិង្ហបុរី (MUIS) ស្ថាប័នហាឡាលឥណ្ឌូណេស៊ី (The Halal Product Assurance Organizing Body BPJPH) និងស្ថាប័នហាឡាលវៀតណាម (Vietnam Halal Certification Authority) ដែលនេះបានបង្ហាញពីការគាំទ្រដល់កិច្ចអភិវឌ្ឍហាឡាលនៅប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឱ្យដឹងថា លោកគឺជាអ្នកដំបូងគេ ដែលបានផ្តួចផ្តើមគោរពរាយការណ៍និងសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០០៨។ ពេល នោះ សម្តេចបានឯកភាពជាគោលការណ៍ ដោយឱ្យពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម។ ក្រោយមក បន្ទាប់ពីមានការសិក្សាស្រាវជ្រាវពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ហាឡាល នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្ថាប័នហាឡាល ដែលមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន លោកជាអនុប្រធាន អ្នកឧកញ៉ាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាប្រធានក្រុមឯកទេសផលិតផលហាឡាល និងជាអ្នកសម្រេចចេញវិញ្ញាបនបត្រហាឡាល ហើយដែលមកដល់ពេល នេះគណៈកម្មាធិការហាឡាល បានបញ្ជាក់វិញ្ញាបនបត្រដល់ផលិតផលហាឡាលចំនួន១,៣២៦មុខ។

លោកបានបន្តថា ដោយឃើញពីកំណើនទីផ្សារនៃផលិតផលហាឡាល និងដើម្បីជំរុញការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងសិក្សា ជំរុញការអភិវឌ្ឍផលិតផលឧស្សាហកម្ម និងចំណីអាហារហាឡាលនៅកម្ពុជា ដោយប្រើប្រាស់ក្របខណ្ឌតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងសិក្សា កំណត់យុទ្ធសាស្ត្រ ដើម្បីជំរុញការផលិតនិងនាំចេញផលិតផលឧស្សាហកម្មហាឡាល ទៅកាន់ទីផ្សារពិភលោក ដោយត្រូវបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូននូវរបបលើកទឹកចិត្ត ការបន្ធូរបន្ថយពន្ធ ការសម្រួលដំណើរការមកវិនិយោគនៅកម្ពុជា។ល។

លោកទេសរដ្ឋមន្ត្រីបានថ្លែងថា «ក្នុងរយៈពេលច្រើនឆ្នាំបន្តបន្ទាប់ ផលិតផលនិងសេវាកម្មហាឡាលទទួលបានការទទួលស្គាល់ និងពេញចិត្តក្នុងចំណោមអតិថិជនដែលជាមុស្លីម និងមិនមែនមុស្លីម»។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្តទៀតថា ការទទួលទានអាហារហាឡាលអាចនាំមនុស្សទៅរករបៀបរស់នៅដែលមានសុខភាពល្អ ប្រកបដោយអនាម័យខ្ពស់ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាំមកនូវចំណូលជូនជាតិ បង្កើតបាននូវការងារ ទទួលបានតម្លៃបន្ថែមថែមទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ការកើនឡើងនៃប្រជាជនមុស្លីមទូទាំងពិភពលោកនាពេលបច្ចុប្បន្ន បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនៃទីផ្សារហាឡាល។ ប្រជាជនមុស្លីមត្រូវបានគេរំពឹងថានឹងមានចំនួនលើសពីមួយភាគបួននៃចំនួនប្រជាជនពិភពលោក (លើសពី២០០០លាននាក់)ដែលជំរុញអ្នកផលិតឱ្យបង្កើនខ្ពស់នូវផលិតផលបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកទទួលទាននៅជុំវិញពិភពលោក។

បើតាមការគិតគូរពីកំណើនទីផ្សារហាឡាល នៅឆ្នាំ២០២៣ លើគ្រប់វិស័យអាចមានដល់៥.៧ទ្រីលានដុល្លារអាមេរិក ក្នុងនោះម្ហូបអាហារ២.៤ទ្រីលានដុល្លារអាមេរិក ក្រៅពីនោះមានសម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ គ្រឿសម្អាង ហាឡាលទេសចរណ៍។ល។ ដោយឡែក នៅចុងឆ្នាំ២០២៥ អាចមានកំណើនដល់៧.៧ទ្រីលានដុល្លារអាមេរិក ក្នុងនេះម្ហូបអាហារអាចឈានដល់៤.៥ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០៣០។

តាមរយៈពិធីសម្ពោធក្រុមហ៊ុន ហាឡាលផាក ខេមបូឌា នាថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជឿជាក់យ៉ាងមុតមាំថា វិស័យឯកជនទាំងក្រុងស្រុក និងបរទេសដែលបានចូលរួម ពិតជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហាឡាល ផាក ខេមបូឌា ដើម្បីភាពរីកចម្រើន និងវិបុលភាពរបស់ប្រជាជន ពិសេសសាសនិកឥស្លាមដែលត្រូវការចាំបាច់ម្ហូបអាហារហាឡាលក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការនាំចេញផលិតផលហាឡាលទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសពិភពអារ៉ាប់៕