(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីបម្រើការងារចុះឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅមណ្ឌលចុះឈ្មោះបោះឆ្នោត ឃុំ សង្កាត់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក២ថ្ងៃ គឺថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅថ្ងែចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦តទៅ មន្ត្រីបម្រើការងារចុះឈ្មោះបោះឆ្នោត នៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នឹងត្រូវបម្រើការងារឡើងវិញ។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកញ្ញាមកម្ល៉េះ។ មន្ត្រីបម្រើការងារចុះឈ្មោះបោះឆ្នោត ត្រូវបានកំណត់ឲ្យធ្វើការងារពេញមួយសប្តាហ៍ គិតទាំងថ្ងៃសៅរ៍ និងអាទិត្យ។
ការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គិតត្រឹតថ្ងៃទី២៨ ខែកញ្ញា បងប្អូនប្រជាពលរដ្ឋខ្មែរចំនួន ៣,៧៨៥,៦១៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះ បោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕