(ភ្នំពេញ)៖ យុវជនកម្ពុជា លោក ទីវ តារារិទ្ធិ ដែលត្រូវបានអ្នកតាមបណ្តាញសង្គម ព័ត៌មាន ស្គាល់ថាជាអ្នកបង្កើតមាតិការ និងជាអ្នកចូលចិត្តជិះកង់ផ្សងព្រេងផ្លូវឆ្ងាយ បានសម្រេចចិត្តទៅតាមក្តីស្រម៉ៃរបស់ខ្លួ នៅក្នុងការបង្កើតកម្មវិធី «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»។
ក្នុងបេសកកម្មនេះដែរ និងធ្វើដំណើរច្រើនទីកន្លែងដោយចំណាយពេលធ្វើដំណើរឆ្លងកាត់លើសពី ២៥ប្រទេស ដោយនឹងចំណាយពេលរហូត ១ឆ្នាំពេញ ក្នុងគោលបំណងនៃការធ្វើដំណើរនេះដើម្បីធ្វើការរៃអង្គាសប្រាក់ឱ្យបានយ៉ាងតិច ២៥ម៉ឺនដុល្លារ ទៅជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យចំនួន២ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
បើគិតចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ យុវជន ទីវ តារារិទ្ធ បានធ្វើដំណើរអស់រយៈ ៩៩ថ្ងៃហើយ ដោយសម្រេចបានចម្ងាយផ្លូវ ៦០០០គីឡូម៉ែត្រ ខណៈបច្ចុប្បន្ន លោកកំពុងស្ថិតនៅប្រទេសនេប៉ាល់ និងរង់ចាំទិដ្ឋការឆ្លងទៅប្រទេសឥណ្ឌា។ សរុបចម្ងាយផ្លូវ សម្រាប់បេសកកម្មទី២នេះប្រមាណ២៥០០០គីឡូម៉ែត្រ គ្រោងនឹងជិះកាត់ ២៥ប្រទេស ហើយប្រើរយៈពេល១ឆ្នាំ។
តាមរយៈសារអេឡិចត្រនិក យុវជន ទីវ តារារិទ្ធិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើដំណើរបាន ៦,០០០គីឡូម៉ែត្រ ហើយបច្ចុប្បន្ននេះ លោកនៅប្រទេសនេប៉ាល់ លោកបានមកដល់ប្រទេសនេះរយៈពេល៦អាទិត្យហើយ និងកំពុងរង់ចាំ visa ពីស្ថានទូតឥណ្ឌា ទើបអាចជិះកង់ចេញពីនេប៉ាល់ទៅប្រទេសឥណ្ឌា»។
លោក ទីវ តារារិទ្ធ គឺជាអ្នកផ្សងព្រេងដំបូងគេ ដែលធ្វើដំណើរដោយការជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប។ អ្នកផ្សេងព្រេងរូបនេះ ធ្វើបេសកកម្មនេះឡើង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ លោក តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
មកដល់ពេលនេះ យុវជនរូបនពបានធ្វើការជិះកងអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកបានមើលឃើញចំណុចខ្វះខាតលើផ្នែកមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។
យុវជនរូបនេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម។
យុវជន ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា ដោយមានបទពិសោធន៍នៅក្នុងការជិះកង់ឆ្លងប្រទេស ដោយនៅចុងឆ្នាំ២០១៨ បានធ្វើដំណើរទៅដល់ខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយទទួលបានបទពិសោធន៍យ៉ាងច្រើននៅក្នុងការធ្វើដំណើរនេះ ជាពិសេសនោះគឺការផលិតជាមាតិកាវីដេអូឯកសារ ដើម្បីបង្ហាញអំពីតំបន់ធនធានធម្មជាតិ ដ៏អស្ចារ្យ វប្បធម៌ ប្រពៃណី ការរស់នៅក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ាន។
យុវជនរូបនេះ បានរំលឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ លោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយឆ្លងកាត់៦ប្រទេស រហូតដល់ព្រុំដែលប្រទេសភូមា ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា៕
សូមចូលរួមបរិច្ចាគជួយដល់កុមារកម្ពុជាជាច្រើនតាមរយៈ #មូលនិធិជិះកង់ដើម្បីកុមារកម្ពុជា៖ ធនាគារអេស៊ីលីដា (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN ជិះកង់ដើម្បីកុមារកម្ពុជា); បរិច្ចាគតាម Link QR ធនាគា៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay ឬបរិច្ចាគតាម LINK របស់មន្ទីរពេទ្យ៖ https://shorturl.at/tc72l