(ប្រេស៊ីល)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំសកលលើកទី៨ របស់ SBFN នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្នុងនាមជាសមាជិក SBFN ក្រោមកិច្ចសហការរៀបចំដោយបណ្តាញធនាគារ និងហិរញ្ញវត្ថុនិរន្តរភាព (Sustainable Banking and Finance Network-SBFN), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), ធនាគារកណ្តាលប្រេស៊ីល និងធនាគារសហព័ន្ធប្រេស៊ីល (FEBRABAN)។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅ ថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្នុងបំណងដើម្បីចែករំលែកនូវវឌ្ឍនភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រអាទិភាព និងការសម្រេចបាននៃក្រុមការងារដែលជាសមាជិករបស់ SBFN ពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិរន្តរភាព ក៏ដូចជាការចែករំលែកបទពិសោធ ដោយអ្នកជំនាញសកល និងកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំកំពូលអំពីនិន្នាការ, កាលានុវត្តភាព និងបញ្ហាប្រឈមនៃហិរញ្ញវត្ថុនិរន្តរភាពនៅក្នុងទីផ្សារកំពុងងើបឡើង។ បន្ថែមពីនេះ ក៏មានការចូលរួមជាដៃគូចែករំលែកចំណេះដឹង ដោយក្រុមការងារហិរញ្ញវត្ថុនិរន្តរភាព (SFWG) នៃប្រទេស G20 ដែលបានចែករំលែកនូវចំណេះដឹងដ៏មានតម្លៃ និងអាចនាំយកនូវសំឡេងរបស់ទីផ្សារកំពុងងើបឡើង នៅក្នុងរបៀបវារៈសកលផងដែរ។
និយ័តករមូលបត្រកម្ពុជា បានចូលជាសមាជិកនៃ SBFN កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ SBFN គឺជាសហគមន៍អ្នកស្ម័គ្រចិត្តដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយមាន IFC ជាលេខាធិការដ្ឋាន និងមានការគាំទ្រពីធនាគារពិភពលោក (WB) ក្នុងគោលបំណងជួយប្រមូលព័ត៌មាន និងធនធាន និងផ្តល់នូវការគាំទ្រជាក់ស្តែងសម្រាប់សមាជិកក្នុងការរៀបចំ និងអនុវត្តគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដែលជំរុញដល់ហិរញ្ញវត្ថុនិរន្តរភាពកម្រិតថ្នាក់ជាតិ តំបន់ និងសកលលោក តាមរយៈវេទិកាចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពស្តីពីហិរញ្ញវត្ថុនិរន្តរភាព សម្រាប់និយ័តករផ្នែកហិរញ្ញវត្ថុ និងសមាគមឧស្សាហកម្មនៅទូទាំងទីផ្សារដែលកំពុងងើបឡើង។ បច្ចុប្បន្ន SBFN មានសមាជិកដែលជាស្ថាប័ននីតិបុគ្គល ចំនួន ៩៦ តំណាងឱ្យប្រទេសចំនួន ៧២ មកពីតំបន់អាមេរិក អាស៊ី អាហ្រ្វិក និងអឺរ៉ុប។
ឆ្លៀតក្នុងឱកាសនោះ កិច្ចប្រជុំ ក៏បានរៀបចំការស្វាគមន៍សមាជិកភាពថ្មីរបស់ ន.ម.ក. ដោយបានអញ្ជើញ លោក ស៊ូ សុជាតិ ផ្តល់នូវសុន្ទរកថាខ្លី ។
លោក បានមានប្រសាសន៍ថា «ក្នុងនាមជានិយ័តករគ្រប់គ្រងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា ន.ម.ក. ប្តេជ្ញាចិត្តយ៉ាងមោះមុតចូលរួមជំរុញគំនិតផ្តួចផ្តើមនិរន្តរភាពហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយស្របទៅតាមបេសកកម្មរបស់ SBFN ក្នុងដំណើរនាំពិភពលោកឆ្ពោះទៅរកសមាហរណកម្មបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលប្រកបដោយភាពបៃតង និងវិបុលភាពកាន់តែប្រសើរ។ ការរួបរួមគ្នា យើងអាចសម្រេចបាននូវគោលដៅរួមរបស់យើង។ ការសម្រេចចិត្ត និងសកម្មភាពរបស់យើង នឹងត្រួសត្រាយផ្លូវសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ យើងមានឱកាសដ៏ពិសេស នៅក្នុងការបង្កើតនូវភាពខុសប្លែកដ៏ល្អប្រសើរ សម្រាប់ពិភពលោកនេះ ដូចនេះយើងត្រូវតែចាប់យកឱកាសនេះ និងបំពេញបេសកកម្មនេះ»។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក និងវាគ្មិនជំនាញជាន់ខ្ពស់នៃគំនិតផ្តួចផ្តើមសកលនៃ G20 SFWG, SBFN, IFC និងធនាគារពិភពលោក និងបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់ ក្នុងស្មារតីរួមនាំពិភពលោកឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕