(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញមកអះអាងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈ និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការអំពាវនាវឱ្យព្យួរការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនផ្តល់តម្លៃដល់ឆន្ទៈ និងការឯកភាពរួមរបស់តួអង្គ និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា លើដំណើរការនៃការរៀបចំ និងលទ្ធផលដែលយើងទាំងអស់គ្នាទទួលបាន គឺធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានសាទរ ទទួលយកមុននឹងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ។
ត្រង់ចំណុចនេះ លោកបន្ថែមថា៖ «ការឯកភាពរួម ការទទួលស្គាល់ភាពចាំបាច់ និងការសាទរពីសំណាក់តួអង្គទាំងអស់ ក៏បានស្តែងចេញផងដែរក្រោយពេលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ គឺតាមរយៈសំណើពីអ្នកសារព័ត៌មានទាំងអាជីព និងមិនមែនអាជីព អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានជាច្រើន មកកាន់ក្រសួងព័ត៌មាន ដើម្បីទទួលបាននូវកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងបានបោះពុម្ពសម្រាប់ចែកជូនដោយឥតគិតថ្លៃ។ ដូច្នេះ អាកប្បកិរិយារបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិពេលនេះជាបរាជ័យដ៏ធំមួយ ហើយពុំបានផ្តល់តម្លៃដល់កិច្ចខិតខំរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលដំណើរការរៀបចំ នីតិវិធីក្នុងការតាក់តែង ពិគ្រោះយោបល់ និងការប្រមូលធាតុចូលពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធដែលបានចូលរួម»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការរៀបចំឱ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង បានឆ្លើយតបទៅនឹងសំណូមពរពីសំណាក់អ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ដោយបានស្នើមកក្រសួងព័ត៌មានឱ្យសម្របសម្រួលនីតិវិធីក្នុងការរៀបចំនូវគោលការណ៍រួម និងបានគាំទ្រដល់ភាពចាំបាច់ក្នុងការធានាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
លោកថាការថ្លែងរបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ពុំបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ អំពីសារៈសំខាន់នៃដំណើរការរៀបចំ និងនីតិវិធីពិគ្រោះយោបល់ ដែលបានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ បរិយាបន្ន និងការចូលរួមយ៉ាងផុលផុសពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការទាំងមូលរយៈពេលចំនួនប្រមាណ ៤ខែ គឺចាប់ពីខែមេសា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃប្រកាសដាក់ឱ្យអនុវត្ត។ អ្នកដែលបានចូលរួមទាំងអស់ក្នុងដំណើរការនេះ បានចាត់ទុកការរៀបចំនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍។
ទន្ទឹមនឹងនេះដែរ លោក ទេព អស្នារិទ្ធ បានថ្លែងថា មិនតែប៉ុណ្ណោះតួអង្គពាក់ព័ន្ធទាំងអស់ប្រមាណ៥៥០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលាចំនួនពីរលើកធំៗ បានផ្តល់មតិយោបល់ទាំងសំណេរនិងដោយផ្ទាល់ លើកឡើងជាសំណូមពរក្នុងការពិភាក្សានានា ព្រមទាំងបានចូលរួមផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយ ដើម្បីផ្តល់ធាតុចូលដល់ដំណើរការរៀបចំទាំងមូលចាប់តាំងពីពេលបើកដំណើរការដំបូងរហូតដល់ទទួលបានលទ្ធផល គឺធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសម្រាប់កម្ពុជា។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំពុងត្រូវបានអនុវត្តសព្វថ្ងៃ ត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំសំខាន់ៗរួមមាន៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន, ច្បាប់ស្តីពីរបបសារព័ត៌មាន, ច្បាប់ពាក់ព័ន្ធនឹងសិទ្ធិនិងការការពារអ្នកប្រើប្រាស់, កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស, អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍, គោលការណ៍ណែនាំរបស់អង្គការយូណេស្កូពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានពាក់ព័ន្ធនានាផ្សេងទៀត។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌នេះជាសមិទ្ធផលមួយដ៏សំខាន់សម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍ រួមចំណែកក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញនេះជាគោលការណ៍គ្រឹះកំពូលនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់និយាមអប្បបរមាក្នុងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកប្រកបអាជីពសារព័ត៌មាន ដើម្បីធានាសុខដុមនីយកម្ម និងសង្គតិភាពនៃក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក៏ជាវិធានមគ្គុទេសន៍សម្រាប់ជួយតម្រង់ទិសលើក្រមសីលធម៌ និងការទទួលខុសត្រូវសង្គមរបស់អ្នកផ្សាយព័ត៌មានដែលមិនមែនជាអ្នកសារព័ត៌មានអាជីពផងដែរ ក្នុងគោលបំណងធានាសន្តិសុខព័ត៌មាន លើកកម្ពស់ការការពារសិទ្ធិអ្នកប្រើប្រាស់ក្នុងសង្គម និងធានាសណ្តាប់ធ្នាប់ក្នុងសកម្មភាពវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច៕