(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ បានចូលរួមវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង លោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ថ្លែងនៅក្នុងវេទិកាសន្ទនានេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ដល់សង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ ជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើនវេទិកាសន្ទនារវាងបណ្ដាអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានវាយតម្លៃខ្ពស់ចំពោះសុខដុមនីយកម្មក្នុងវិស័យ សង្គមស៊ីវិល ដោយទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបានកោតសរសើរចំពោះការចូលរួមចំណែកជាវិជ្ជមានពីសំណាក់អង្គការសង្គមស៊ីវិលនានានៅក្នុងខេត្តកំពង់ស្ពឺ។ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យនៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន ដែលសមិទ្ធផលទាំងនេះ គឺលទ្ធផលនៃផ្លែផ្កាពីសុខសន្ដិភាពក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទេសក៍ឆ្នើម។ អាស្រ័យហេតុនេះ អង្គការសង្គមស៊ីវិលបានប្តេជ្ញាចិត្តថានឹងរក្សាសុខសន្តិភាពនេះឱ្យឋិតថេរ ដែលជាលក្ខខណ្ឌមិនអាចផ្តាច់បានដើម្បីបន្តការអភិវឌ្ឍប្រទេសឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ជាងនេះទៅទៀត អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់អាណត្តិទី៧នៃរដ្ឋសភាពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានកំណត់អាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស ក៏បានអំពាវនាវឱ្យដល់បណ្ដាអង្គការសង្គមស៊ីវិលប្រតិបត្ដិការងារស្របតាមលក្ខន្ដិកៈរបស់ខ្លួនដែលបានទទួលស្គាល់ដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងសូមកុំឱ្យជឿលើមតិអវិជ្ជមានមួយចំនួនក្នុងបណ្ដាញសង្គមដូចជា Facebook, Telegram, ឬបណ្ដាញទំនាក់ទំនងផ្សេងទៀតដែលផ្សព្វផ្សាយព័ត៌មានមិនពិតពីសកម្មភាពរបស់រាជរដ្ឋាភិបាល ដូចជាករណី CLV-DTA ជាដើម។

ជាចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេស គឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕