(ពោធិ៍សាត់)៖ ក្មេងស្រីម្នាក់លង់ទឹកស្ទឹងខាងក្រោយផ្ទះស្លាប់ ខណៈម្តាយកំពុងជជែកគ្នាលេងក្រោមផ្ទះ ភ្លេចគិតកូន។
ករណីលង់ទឹកស្លាប់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ទឹងខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ថា ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ពូជ ធារ៉ា ភេទស្រី អាយុ ១៨ខែ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយក្មេងរងគ្រោះ បានអង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ហើយក្មេងរងគ្រោះក៏បានរត់លេងនៅក្បែរនោះដែរ។ ស្រាប់តែមួយសន្ទុះក្រោយមករកមើលកូនមិនឃើញ ក៏ដើររកកូនស្រាប់តែប្រទះឃើញអណ្តែត នៅក្នុងទឹកស្ទឹងខាងក្រោយផ្ទះ នាំគ្នាផ្អើតឆោឡោចុះស្រង់ជួយសង្គ្រោះ។
ដោយម្តាយក្មេងរងគ្រោះមិនអស់ចិត្ត ក៏បញ្ជូនកូនរបស់ខ្លួនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលពេទ្យបានបញ្ជាក់ថា ក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕