(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានលើកឡើងពីអត្ថប្រយោជន៍យ៉ាងច្រើន ការប្រើប្រាស់សេវា Domestic Internet Exchange (Dix) ក្នុងស្រុក ដែលធ្វើឱ្យការប្រើប្រាស់សេវា Internet ស្ថិរភាពល្អ ទទួលបានចំណូលសម្រាប់ថវិកាជាតិផង និងកាត់បន្ថយការចំណាយ សម្រាប់ភ្ជាប់បណ្តាញ Internet ទៅក្រៅប្រទេសផងដែរ។

និយ័តករទូរគមនាគមន៍កម្ពុជា បញ្ជាក់ថា ការប្រើប្រាស់សេវា (Dix) ក្នុងស្រុកបានផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដោយធ្វើឲ្យមានការតភ្ជាប់ផ្ទាល់រហ័ស និងផ្លាស់ប្ដូរត្រាហ្វិក នៃការប្រើប្រាស់សេវាអ៉ិនធើណិត រវាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាមាតិកា និងស្ថាប័នពាក់ព័ន្ធត្រឹមក្នុងប្រទេសកម្ពុជា ដោយពុំចាំបាច់ប្រើប្រាស់បណ្តាញតភ្ជាប់អ៉ិនធើណែតទៅក្រៅប្រទេស។

ចំណុចដ៏ពិសេសនេះ បានជួយពង្រឹងគុណភាពសេវាអ៉ិនធើណែតមានល្បឿនលឿន និងស្ថិរភាពព្រមទាំងកាត់បន្ថយ ការចំណាយលើការប្រើប្រាស់បណ្តាញ តភ្ជាប់អ៉ិនធើណែតទៅក្រៅប្រទេស ដែលធ្វើឲ្យការប្រើប្រាស់អ៉ិនធើណែត នៅតាមគេហដ្ឋាន, អាជីវកម្ម និងឧស្សាហកម្មនានា មានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃ។

ផ្អែកតាមទិន្នន័យនៃការចំណាយរបស់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា បានបង្ហាញថា ការចំណាយសម្រាប់ភ្ជាប់បណ្តាញ (Port 10 Gbps) ក្នុងការផ្លាស់ប្ដូរតាហ្វិកអ៉ិនធើណែតពីក្រៅប្រទេស មានតម្លៃ ៣២ ៥០០ដុល្លារអាមេរិក ក្នុងមួយខែ។ ហើយបើប្រៀបធៀប នឹងការចំណាយសម្រាប់ភ្ជាប់បណ្តាញ (Port 10 Gbps) ក្នុងការផ្លាស់ប្តូរត្រាហ្វិកអ៉ិនធើណិតនៅក្នុងប្រទេសវិញ មានតម្លៃតែ ៥៥០ ដុល្លារអាមេរិកក្នុងមួយខែប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែម របស់និយ័តករទូរគមនាគមន៍កម្ពុជា។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) មានចំនួន ៣៩។ ជាទូទៅថវិកាចំណាយរបស់ប្រតិបត្តិករផ្តល់សេវាអ៉ិនធើណែត (ថ្លៃដើមនៃការលក់ និងសវាកម្ម) មានចំនួនខុសៗគ្នា ផ្អែកតាមទំហំ និងចំនួនអតិថិជន ដែលអាចមានចន្លោះពី ១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ រហូតដល់ ២៥ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

កម្មវិធីផ្ញើសារដ៏ល្បីរបស់កម្ពុជា CoolApp បាននឹងកំពុងប្រើប្រាស់បណ្តាញអ៉ិនធើណែតក្នុងស្រុក Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និងផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស ហើយចំណេញថវិកាដល់ជាតិទៀតផង។

អ្នកប្រើប្រាស់ CoolApp ទាំងអស់មានស្ថិរភាពក្នុងប្រើប្រាស់ និងភាពជឿជាក់ក្នុងផ្ញើសារ និងការសន្ទនាទូរស័ព្ទ តាមរយៈ CoolApp ដោយប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ប្រទេសកម្ពុជា។

គិតត្រឹមខែឧសភា ឆ្នាំ២០២៤ អ្នកប្រើប្រាស់សេវាអ៉ិនធើណែតនៅកម្ពុជាមានចំនួន ១៩,៩២៧ ៦៩៥ ក្នុងនោះសេវាអ៊ីនធឺណិតចល័ត មានចំនួន ១៩,២៥៦,៨២៦ សេវាអ៊ីនធឺណិតអចល័តមានចំនួន ៦៧០,៨៦៩៕