(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយ​គណៈកម្មាធិការជាតិ​សន្តិសុខលម្ហ​សមុទ្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បាន​ចុះសួរ​សុខទុក្ខ​កងកម្លាំង​ប្រចាំការ​ ការពារ​អធិបតេយ្យភាព​ជាតិ​ខ្មែរ​តាមបណ្ដាកោះ​ក្នុងភូមិសាស្រ្ត​ខេត្តកែប។

ជាមួយគ្នានេះ លោកអភិបាលខេត្ត និងក្រុមការងារអមដំណើរ ក៏បានលែង​អណ្ដើក​សមុទ្រ​ទម្ងន់​ជាង១០០គីឡូក្រាម​​ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ និង​អភិរក្ស​​ធនធាន​សមុទ្រ​ដ៏កម្រផងដែរ។ ​

លោក សោម ពិសិដ្ឋ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនទឹកនៅក្នុងខេត្ត។

លោកបានថ្លែងទៅកាន់កម្លាំងទាំងអស់ ឲ្យចូលរួមគ្នាអនុវត្តឲ្យបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ កម្លាំងរបស់យើង ក៏ត្រូវបន្តបង្កើនការអង្កេតស្រាវជ្រាវ និងចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសនានានៅតាមកោះ និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ដើម្បីជំរុញការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ៕