(ពោធិ៍សាត់)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិពីបុណ្យកតញ្ញូកតទេវី ជាលក្ខណៈប្រមូលផ្តុំ ជូនចំពោះលោកតា លោកយាយដែលមានអាយុចាប់ពី៧០ឆ្នាំឡើងចំនួន ២៣៣នាក់ ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាលើកទី៣ ដើម្បីផ្តល់ជូននូវសម្ភារៈ បរិក្ខា និងថវិកាមួយចំនួន ឱ្យបានមុននៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។

នាឱកាសនោះលោក យឹម វិសិដ្ឋ បានថ្លែងថា កូនចៅ ប្រុសស្រីគ្រប់ៗរូប ត្រូវតែបំពេញជាកុសលកតញ្ញូ កតទេវី ជាការតបស្នងសងគុណចំពោះមាតាបិតា និងអាណាព្យាបាលរបស់ខ្លួន ទៅតាមលទ្ធភាព និងធនធានដែលមាន មិនត្រូវមើលរំលងឡើយ​ព្រោះថា អ្នកទាំងនោះបានលះបង់ច្រើនណាស់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងមានឱកាសសុំខមាទោសនូវរាល់កំហុសឆ្គងទាំងឡាយ ដែលបានធ្វើកន្លងមក ឱ្យរួចផុតពីបាបកម្ម និងនាំមកនូវសិរីសួរស្តី និងជ័យមង្គលដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានស្រុក ភ្នំក្រវាញ បានថ្លែងថា បុណ្យកតញ្ញូកតទេវី ដែលបានប្រារព្ធធ្វើជូនលោកតា លោកយាយ ចាប់ពីអាយុ៧០ឆ្នាំឡើង ជាលក្ខណៈប្រមូលផ្តុំចំនួន ២៣៣នាក់ នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញនាពេលនេះ គឺជាលើកទី៣ បន្ទាប់ពីបានប្រារព្ធធ្វើនៅឃុំព្រងិល និងឃុំរកាតនាពេលថ្មីៗនេះ បានចំនួន ៦៣៥នាក់។

ការបង្កើតឱ្យមានកម្មវិធីបុណ្យកតញ្ញូ កតទេវីនេះឡើង គឺអនុវត្តទៅតាមគោលការណែនាំរបស់លោក កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន​ខេត្តពោធិ៍សាត់ ត្រូវតែរៀបចំឱ្យមានបុណ្យនេះឡើង គ្រប់ឃុំទូទាំងស្រុក ឱ្យបានមុនបុណ្យធំៗប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។ បុណ្យកតញ្ញូកតទេវី ដែលក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក៏ដូចកន្លងមក គឺគ្រាន់តែផ្តួចផ្តើមគំនិតប៉ុណ្ណោះ កត្តាដែលសំខាន់នោះ គឺកូនចៅ នេះតែម្តង ដើម្បីឱ្យកូនចៅ មានឱកាសសុំខមាលទោស ពីសំណាក់អ្នកមានគុណ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា កុំឱ្យមានបាបកម្ម និងតបស្នងសងគុណ តាមរយៈនៃកម្មវិធីបុណ្យកតញ្ញូកតទេវីនេះ ឱ្យបានទៅដល់កូនចៅគ្រប់ៗគ្នា។

លោកបានវាយតម្លៃថា លោកតា លោកយាយ ពិតជាមានគុណតម្លៃចំពោះសង្គមគ្រួសារ និងសង្គមជាតិ គឺមិនអាចគណនា និងកាត់ថ្លៃបានឡើយ គឺតែងតែបណ្តុះបណ្តាល អប់រំ លះបង់អាត្មានិយម ផ្តល់នូវក្តីស្រឡាញ់ មេត្តា ករុណា សាមគ្គីភាពក្នុងមហាគ្រួសារ និងសង្គមជាតិ ប្រកបដោយសេរីភាព សមភាព និងភាពថ្លៃថ្នូសុខដុមរមា ក្រោមម្លប់សន្តិភាព។ ក្រុមការងារអាជ្ញាធរដែនដី កូន ចៅ និងចៅទួត សូមលំឱនកាយគោរពដឹងគុណចំពោះលោកតា លោកយាយទាំងអស់ ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ឱ្យឃើញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ មកលើថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

លោកបានថ្លែងបន្តថា ឃុំសំរោងក៏ដូចបណ្តាឃុំនានា ក្នុងស្រុកភ្នំក្រវាញ តែងតែទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើន ចេញពីការខិតខំរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានកសាងស្ពានកំពង់ល្វា ប្រវែង១៣០ម៉ែត្រ ស្ពានកោះរគោ ផ្លូវគ្រួសក្រហមប្រឡាយ និងចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងជួយដល់ជនក្រីក្រ និងងាយរងគ្រោះដោយគ្រោះធម្មជាតិជាប់ជាប្រចាំ ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។

នៅក្នុងខណៈនោះលោកប្រធានក្រុមការងារ បានចែកជូនទេយ្យទានជូនលោកតា លោកយាយ ចំនួន២៨៥នាក់ ក្នុងម្នាក់ៗទទួលបានស៊ុម និងរូបថតចំនួន១ សំលៀកបំពាក់មួយកំប្លេរ ស្បែកជើងផ្ទាត់១គូរ និងថវិកា១ម៉ឺនរៀល៕