(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនា​គារ​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧញ៉ា លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រសួង​រតនាគារសហរដ្ឋ​អាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ លោកអ្នកឧកញ៉ា ​លី យ៉ុងផាត់ ​និង​អាជីវកម្ម​របស់​លោក ដោយចោទថា ​ពាក់​ព័ន្ធ​នឹង​ការជួញ​ដូរ​មនុស្ស​ ការបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុសច្បាប់​ និង​ការបោកប្រាស់​តាម​អនឡាញ។

សេចក្តី​ប្រកាស​ព័ត៌មាននេះ ក៏បាន​ឲ្យ​ដឹង​ថា​អាជីវកម្ម​ដែល​រងទណ្ឌកម្ម​នោះ ​មាន​​ក្រុមហ៊ុន​លី យ៉ុងផាត់​ គ្រុប (L.Y.P. Group Co., LTD (L.Y.P. Group) រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), សណ្ឋាគារ​ហ្កាដឹនស៉ីធី (Garden City Hotel) ​និង​សណ្ឋាគារ​ភ្នំពេញ ​(Phnom Penh Hotel)។

«គណបក្សប្រជាជនកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានដឹងថាក្រសួង រតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដាក់ទណ្ឌកម្មលើឯកឧត្តម លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងទ្រព្យសម្បត្តិជាគ្រឹះស្ថានអាជីវកម្ម ចំនួន ០៤ របស់ឯកឧត្តមផ្ទាល់»។ នេះបើតាមសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងដោយអយុត្តិធម៌ពីបទជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗនោះ គឺមានលក្ខណៈជានយោបាយ ដោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មលើ លោក លី យ៉ុងផាត់ គឺជាការរំលោភបំពានលើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។

ការដាក់ទណ្ឌកម្មនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភលើបុគ្គលភាព ប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់លោក លី យ៉ុងផាត់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ច្រានចោលយ៉ាងដាច់ខាតនូវសេចក្តីសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋ អាមេរិក ដែលទង្វើនេះ បំពានដល់ការគោរពនូវគោលការណ៍នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដែលផ្អែកលើច្បាប់ អន្តរជាតិ ពិសេសការគោរពអធិបតេយ្យ ឯករាជ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

គណបក្សប្រជាជនកម្ពុជា ស្នើដ៏ទទូចឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញលើករណី ដ៏អយុត្តិធម៌នេះ ហើយលុបចោលការដាក់ទណ្ឌកម្មលើ លោក លី យ៉ុងផាត់ និងទ្រព្យសម្បត្តិធ្វើអាជីវកម្មទាំងអស់របស់លោក៕