(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) និងផ្លូវក្រាលបេតុងរបស់គម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

នេះជាគម្រោងកែលម្អផ្លូវជនបទជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលអមដំណើរដោយអភិបាលខេត្តខាងលើនេះ គឺបានអញ្ជើញ ចុះពិនិត្យផ្លូវពីភូមិត្រពាំងគរ-ភូមិអាឡែង, ផ្លូវជាតិលេខ៥ (ភូមិថ្នល់ថ្មី) ភូមិអូរកណ្តោល, ផ្លូវជាតិលេខ៥៣ (ភូមិប្រចាក់) ភូមិព្រៃមូល ភូមិតាលោ ផ្លូវ ជាតិលេខ៥៣ (ភូមិត្រោកលិច) ផ្លូវជាតិលេខ៥ (ភូមិត្រពាំងពោធ៍) នៅស្រុករលាប្អៀរ។ ផ្លូវជាតិលេខ៥(ភូមិផ្សារ) មេលំ ផ្លូវជាតិលេខ៥ (ភូមិស្រះកែវ) ក្នុងស្រុកបរិបូណ៌។ ផ្លូវលេខ១៥០A (ភូមិអ្នកតាហាង) ផ្លូវលេខ១៥០ (ភូមិស្នាយ) ស្រុកកំពង់ត្រឡាច ដែលមានប្រវែងផ្លូវ៣៦.៥៣គ.ម ផ្នែកក្រាលកៅស៊ូ២ជាន់ (DBST) ៣៥.៨៤គ.ម ផ្ទៃកំរាលបេតុង០.៦៩គ.ម។

ក្រុមការងារដែលបានអញ្ជើញចូលរួមការចុះពិនិត្យលើការថែទាំផ្លូវទាំងនេះ បានឱ្យដឹងថា ការស្ថាបនាផ្លូវក្រោមហិរញ្ញប្បទានឥតសំណងពីររដ្ឋាភិបាលចិនទាំងអស់នេះ បានបង្កការងារងាយស្រួល និងជួយសម្រួលដល់ប្រជាព លរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមក និងការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សទៅរៀន ការដឹកអ្នកជំងឺមកកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាផងដែរ។

លោករដ្ឋមន្ត្រី បានជួបប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងទាំងអ្នកធ្វើដំណើរតាមដងផ្លូវក្នុងស្រុកទាំង៣ខាងលើនេះ ដោយបានសាកសួរអំពីព័ត៌មាន ក្នុងការប្រើប្រាស់ផ្លូវរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងគុណភាព និងស្ថានភាពផ្លូវក្នុងការធ្វើដំណើរតើជួបផលវិបាកយ៉ាងដូចម្ដេចខ្លះ?។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោករដ្ឋមន្ត្រី ក៏បានសំណូមពរបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាជួយថែរក្សាផ្លូវនេះ ដោយកុំកាយលុបប្រឡាយនៅតាមដងផ្លូវ ត្រូវដាក់លូបង្ហូរទឹកកុំឲ្យស្ទះដែលបណ្ដាល ឲ្យទឹកហូរផ្ដាច់ផ្លូវ ពិសេសគឺជួយមើលការខុសត្រី និងជួយទប់ស្កាត់រថយន្តដឹកទំនិញធ្ងន់ៗ ឬរថយន្តដឹកដីជាដើម ដែលធ្វើចរាចរណ៍ទៅតាមដងផ្លូវទាំងអស់ដើម្បីរួមគ្នាជួយថែរក្សាសម្រាប់ការប្រើប្រាស់បានយូរអង្វែង។

ក្រោយបញ្ចប់ការចុះពិនិត្យទៅលើសោភ័ណភាព និងគុណភាពផ្លូវក្នុងស្រុកទាំង៣ខាងលើនេះរួចមក លោករដ្ឋមន្ត្រី និងអភិបាលខេត្ត ព្រមទាំងក្រុមការងារ ក៏បានណែនាំបន្ថែមលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ត្រូវធ្វើយ៉ាងណាបន្តខិតខំថែទាំផ្លូវ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងទាំងអស់ ក្នុងការប្រើប្រាស់ដោយទទួលបាននូវគុណភាពខ្ពស់ជាបន្តទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានរយៈពេលយូរ៕