(ស្ទឹងត្រែង)៖ ប្រៃសណីយ៍កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែង បានចុះអនុស្សារណៈយោគយល់ (MOU) ដើម្បីសហការក្នុងការផ្តល់សេវាប្រៃសណីយ៍ «សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ» ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការក្នុងការប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា។

 MOU ត្រូវបានចុះដោយលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតប និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងជួយសម្រួលបន្ទុកចំណាយពេលពេលវេលារបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅរដ្ឋបាលខេត្តតាមរយៈអង្គភាពច្រកចេញចូលតែមួយ។

នាឱកាសនោះ លោកអភិបាលខេត្ត បានគាំទ្រទាំងស្រុង នូវការចុះអនុស្សារណៈនេះ ក្នុងគោលបំណងកិច្ចសហប្រតិបត្តិការសេវាប្រៃសណីយ៍នូវឯកសាររដ្ឋបាលពីរដ្ឋបាលខេត្ត តាមរយៈអង្កភាពចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តនិងប្រៃសណីយ៍កម្ពុជា។

អនុស្សារណៈនៃការយោគយល់នេះ មានវិសាលភាពអនុវត្តចំពោះតែកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ជូនប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈពីច្រកចេញចូលតែមួយរបស់ខេត្ត តាមការស្ម័គ្រចិត្តរបស់អតិថិជនតែប៉ុណ្ណោះ៕