(ភ្នំពេញ)៖ លោក ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា​ចំពោះសមិទ្ធផលលេចធ្លោ​ជាច្រើនក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោក ចាវ ស៊ីថុង បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហ​ប្រតិបត្តិការ​ជាក់​ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ លោកបាន​សង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា​ ស្របតាមស្ថានភាពជាក់ស្ដែងរបស់​កម្ពុជា។ 

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនរូបនេះ ក៏បានបញ្ជាក់ដែរថា វិនិយោគិនចិននៅកម្ពុជាមាន​សុទិដ្ឋិ​និយម​ចំពោះភាពធន់នៃសេដ្ឋកិច្ច ក៏ដូចជាបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។ ជា​ពិសេស​ពេញចិត្តចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា លើការដាក់ចេញកម្មវិធីកែ​ទម្រង់​ និង​កញ្ចាប់វិធានការគន្លឹះនាពេលកន្លងមក។

លោក​ឧបការី​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់ទៀតថា ​ដំណើរ​ទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ​ មានគោលបំណង​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទងគ្នាក្នុងក្របខ័ណ្ឌបក្ស​ និង​បក្ស​ ព្រមទាំងជំរុញកិច្ច​សហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​យុវជនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តី​សោមនស្ស​រីករាយ​  និងវាយតម្លៃខ្ពស់ចំពោះការ​រីកចម្រើន​ជាលំដាប់នៃទំនាក់ទំនង​កម្ពុជា-ចិន​ ព្រមទាំងបានអរគុណប្រទេសចិន ដែលបានជួយ​គាំទ្រការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌយុវជន និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះថែមទៀត តាមរយៈការ​បណ្ដុះបណ្ដាល ការផ្សារភ្ជាប់វិស័យឯកជន​ ជាពិសេសក្នុងចំណោមសហគ្រិនវ័យក្មេង​ ការផ្លាស់ប្ដូរ​ទស្សន​កិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំព្រឹត្តិការណ៍នានា ដែលទាំងនេះ គឺជាស្ពានដ៏សំខាន់​ក្នុងការភ្ជាប់ទំនាក់ទំនងយុវជន និងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តជំរុញវិស័យទេសចរណ៍រវាង​ប្រទេសទាំង​ពីរ ដែលនឹងបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត រួមទាំងការវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការ​ក្នុងក្របខ័ណ្ឌបក្សនិងបក្សផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍លើ​ប្រធាន​បទសំខាន់ៗសម្រាប់ប្រទេសទាំងពីរ៕