(ភ្នំពេញ)៖ ក្រុមប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជាចំនួន២៨នាក់ ដែលត្រូវទៅចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជប៉ុន លើកទី៤៣ បានទទួលការអនុញ្ញតពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឲ្យចូលសម្ដែងការគួរសម នៅសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីស្វែងយល់បន្ថែមលើចំណេះដឹងថ្មីៗ ដែលជាពុទ្ធិក្នុងវិស័យធនាគារ។
លោក ស៊ាន សុលក្ខណ៍ ប្រធានក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជប៉ុនលើកទី៤៣ នេះមានសារៈសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ហើយក៏ជាមុខមាត់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាផងដែរ។ ដូចនេះក្នុងនាមជាយុវជន តំណាងឲ្យជាតិទាំងមូលនោះ ចាំបាច់ត្រូវមានការសិក្សាស្វែងយល់ពីស្ថានភាព ជាក់ស្ដែងដែលកម្ពុជា មានក្នុងនោះរួមទាំងការរីកចម្រើន ក្នុងវិស័យធនាគាររបស់កម្ពុជាផងដែរ ។
លោក ស៊ាន សុលក្ខណ៍ នូវបានជម្រាប់ជូនលោក ជា ចាន់តូ ឲ្យបានជ្រាប់ដែរថា នៅក្នុងរយៈ៥២ថ្ងៃ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជប៉ុន នេះយុវជនកម្ពុជានឹងបង្ហាញ ដល់យុវជននៃបណ្ដាប្រទេសក្នុងអាស៊ាន និង ជប៉ុន បានដឹងពី អរិយធ៌មរបស់កម្ពុជា តំបន់ប្រវត្តិសាស្រ្ត ប្រាង្គប្រាសាទ សក្ដានុពលក្នុងវិស័យទេសចរណ៏ និងវិស័យផ្សេងទៀតដែលកម្ពុជាមាន។ ជាមួយនេះដែរក៏នឹងបញ្ជាក់ឲ្យគេបានដឹងថា ប្រទេសកម្ពុជាពិតជាមានសុខសន្តិភាព និងមានស្ថេរភាពក្នុងវិស័យសេដ្ឋកិច្ច ក្នុងនោះរួមទាំងការរីកចម្រើន នៃវិស័យធនាគារផងដែរ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ដើម្បីមុខមាត់មោទនភាពជាតិ និង គ្រួសារនោះនៅក្នុងដំណើរ បំពេញទស្សនកិច្ចសិក្សាក្នុងកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ជប៉ុន ទទួលបានជោគជ័យនោះយុវជន ត្រូវមានការសាមគ្គីគ្នាឲ្យបានល្អ ក្នុងនាមជាអ្នកតំណាងឲ្យជាតិទាំងមូល។ ជាមួយនេះដែរយុវជនយើងត្រូវតែ បង្ហាញពីស្មារតីសាមគ្គី និងកិច្ចសហការទាំងផ្នែកវប្បធ៌ម សេដ្ឋកិច្ច និង សង្គមរវាងយុវជនអាស៊ាន និងបណ្ដាប្រទេសជាមិត្តរបស់អាស៊ាន ។ ហើយនៅអំឡុងពេលបំពេញ ទស្សនកិច្ចសិក្សានេះដែរ ត្រូវចេះសិក្សាស្វែងយល់ឲ្យបានច្បាស់ពីការរស់នៅ របៀបបរបរស់នៅ ប្រពៃណីវប្បធម៌ និងការអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសនីមួយៗ ដែលបានស្នាក់នៅរៀនសូត្រ ព្រោះនៅយុគសម័យ នៃការការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើពុទ្ធិ គឺយុវជនបានដើរតួនាទី និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។
លោកទេសាភិបាលបន្តថា ដើម្បីឲ្យដំណើរទស្សនកិច្ចសិក្សានេះ បានផលល្អត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ គិតគូរ ចេះសួនិងត្រូវចេះកត់ត្រាឲ្យបានច្បាស់ ពីអ្វីដែលមានសារៈសំខាន់ ។ ជមួយនេះដែរក្នុងតួនាទីជាអ្នកបន្តវេន ត្រូវតែខិតខំស្វ័យអភិវឌ្ឍខ្លួនឯង តាមរយៈការសិក្សាស្រាវជ្រាវ ដោយយកចំណេះដឹងថ្មីៗ និងការបណ្ដុះបណ្ដាលអភិវឌ្ឍខ្លួនទាំងកម្លាំងប្រាជ្ញា ស្មារតី និងត្រូវមានមនសិការស្នេហាជាតិខ្ពស់។
លោក ជា ចាន់តូ បានបន្តទៀតថា នៅពេលណាដែលយុវជនយល់ដឹងពីប្រវត្តិសាស្រ្ត គឺមានន័យថាយុវជនបានស្គាល់ខ្លួនឯង ស្គាល់អត្តសញ្ញាណនិងទីតាំងខ្លួនថានៅទីណា ? និងត្រូវទៅណា? នោះហើយពិតជាទទួលជោគជ័យក្នុងជិវិត និងក្លាយជាអ្នកបន្តវេនពិតប្រាកដ ដែលមានទាំងចំណេះដឹង ចំណេះធ្វើ ដែលជាធនធានមនុស្សប្រកបដោយ សមត្ថភាពនៅក្នុងចូលរួមចំណែក កសាងសង្គមកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចល្អសម្រាប់ ជួយកែលម្អជីវភាព និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។
នៅក្នុងឱកាសនោះលោកទេសាភិបាល បានសម្ដែងការសង្ឃឹមយ៉ាងមុតមាំថា តារយៈកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជប៉ុន លើកទី៤៣នេះ នឹងផ្ដល់ឲ្យយុវជនកម្ពុជានូវបទពិសោធន៏ និងចំណេះដឹងថ្មីៗបន្ថែមសម្រាប់រួមចំណែក អភិវឌ្ឍប្រទេសជាតិ និងការពង្រឹងនិងពង្រីកនូវសមត្ថភាព ភាពអ្នកដឹកនាំសម្រាប់បន្តវេន ដឹកនាំប្រទេសកម្ពុជាឲ្យសម្បូររុងរឿង ប្រកបដោយការអភិវឌ្ឍ ។
សូមរំលឹកឲ្យដឹងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជប៉ុននេះ ប្រទេសកម្ពុជាបានក្លាយ ជាសមាជិកផ្លូវការនៅឆ្នាំ២០០០ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍បានមួយឆ្នាំនោះមក ។ ហើយម្មវិធីនេះមានគោលបំណង ដើម្បីព្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយុវជនប្រទេសអាស៊ានទាំងអស់ និងយុវជនជប៉ុន ។
ជាមួយនេះក៏បានផ្ដល់ឲ្យយុវជន បានស្វែងយល់ពីវប្បធ៌ ប្រពៃណី ការស់នៅ និងរបៀបរបបរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗ និងផ្ដល់ឱកាសឲ្យយុវជនបានទស្សនកិច្ចសិក្សាតាមស្ថាប័នធំៗក្នុងប្រទេសទាំង៥ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ។ ហើយកម្មវិធីលើកទី៤៣នេះនឹងចាប់ផ្ដើមចេញសំណើរពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦៕