(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូបរិស្ថានមហាអនុតំបន់មេគង្គ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

គណៈប្រតិភូបរិស្ថានមហាអនុតំបន់មេគង្គ ត្រូវបានដឹកនាំដោយលោកស្រី​ Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍអាស៉ី​ (ADB)។

សូមបញ្ជាក់ថា រដ្ឋមន្ត្រី និងមន្ត្រីផ្នែកបរិស្ថានមហាអនុតំបន់មេគង្គ បានជួបជុំគ្នានៅកម្ពុជា ដើម្បីបើកកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានមហាអនុតំបន់មេគង្គលើកទី៦​ (GMS EMM-6) ដោយចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះមានការរួមពី​សំណាក់​គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។

កិច្ចប្រជុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែល​កំពុង​អភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេសមហា​អនុតំបន់ទន្លេមេគង្គ GMS ចំនួន៦ជួបប្រជុំគ្នា​ដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈ​សម្រាប់​កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថានឹងអនុម័តនូវឯកសារសំខាន់ចំនួន២ គឺ១៖ ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង ២៖ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុល​ប្លាស្ទិកនៅក្នុង GMS។ ដល់ការចែករំលែកចំណេះដឹងក្នុងតំបន់ និងការកសាងសមត្ថភាព​នៅទូទាំង GMS ក៏ដូចជាកំណត់កម្មវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយបញ្ហា​នៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន៕