(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់ឱ្យលោកស្រីបណ្ឌិត នាយិកាសាខាខេត្ត និងសហការី សហការជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល រៀបចំទិវាពិភពលោកសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ «សង្រ្គោះបឋម និងកីឡា»

ទិវានេះមានការចូលរួមពីក្រុមប្រតិបត្តិសាខាខេត្ត ក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុមគ្រូពេទ្យ នាយកសាលា អ្នកស្ម័គចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងក្រុមការងារអនុសាខាស្រុកកញ្ជ្រៀច និងសហការី សរុបអ្នកចូលរួមចំនួន ១៤៧នាក់ នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នាឱកាសនោះដែរ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានថ្លែងថា វិជ្ជាសង្គ្រោះបឋមមានប្រវត្តិដ៏យូរលង់មកហើយ ស្របពេលការចាប់ផ្តើមឱ្យមានកាកបាទក្រហមទូទាំងពិភពលោកគឺក្នុងខែមិថុនា ឆ្នាំ១៨៥៩ ដោយលោក ហង់រី ឌុយណង់ ដែលលោកជាពាណិជ្ជករវ័យក្មេង ជនជាតិស្វីស ដែលបានបង្កើតគំនិតនេះឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងការងារមនុស្សធម៌។ ក្នុងកម្មវិធីនាថ្ងៃនេះគឺជាទិវាមួយដែលមានសារៈសំខាន់ ក្នុងការលើកម្ពស់សុខភាព និងសុខភាពសហគមន៍ របស់កាកបាទក្រហមកម្ពុជា ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ទុកវិជ្ជាសង្គ្រោះបឋមជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។

លោកស្រីបានបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវាទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ២០២៤ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋមក្នុងបរិបទកីឡា និងបច្ចេកទេសក្នុងការជួយសង្គ្រោះជាពិសេសជម្រុញលើកទឹកចិត្តប្រជាជនខ្មែរឱ្យចូលរួមក្នុងសកម្មភាពកីឡា។

បន្ថែមលើសពីនេះ ក៏មានការបង្ហាញពីការលេងកីឡាបាលទាត់ជាក្រុម និងការហាត់តៃក្វាន់ដូរ ដើម្បីផ្សាភ្ជាប់ទៅនឹងប្រធានបទនៃទិវា ក្រោមប្រធានបទ «សង្គ្រោះបឋម និងកីឡា» ពិសេសប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា ក៏បានបង្ហាញពីការសង្គ្រោះបឋម (គោលការណ៍គ្រឹះនៃអ្នកសង្គ្រោះបឋម ការធ្វើចលនាបេះដូង ការសង្គ្រោះអ្នកលង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍) និងបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

សូមបញ្ជាក់ថា សាខាខេត្ត ក៍បានផ្តល់ឃីតអនាម័យ ១កញ្ចប់(សាប៊ូ ២ដុំ និងកន្លែង ១) ដល់អ្នកចូលរួម ហើយក្រុមការងារ ក៏បានរៀបចំការហូបនំបញ្ចុកសាមគ្គី រួមគ្នាផងដែរ៕