(ភ្នំពេញ)៖ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី បានរៀបចំទទួលដំណើរទស្សនកិច្ច និងផ្តល់ការតម្រង់ទិសដល់បេក្ខនារី នៃកម្មវិធីវេទិការប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់របស់វិភាគទានច្បាប់ សរុបចំនួន ៦០នាក់ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារ ស៉ីអាយស៉ី។

លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី សម្រាប់ការទទួលដំណើរទស្សនកិច្ចរបស់បេក្ខនារីក្នុងកម្មវិធីខាងលើ និងបានបញ្ជាក់ថា ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី តែងតែងគាំទ្រសកម្មភាពនានារបស់វិភាគទានច្បាប់ ទាំងផ្នែកស្មារតី ថវិកា និងការសម្របសម្រួលនានា ជាពិសេស ការរៀបចំទទួលដំណើរទស្សនកិច្ច និងផ្តល់ការតម្រង់ទិសនាថ្ងៃនេះ។

លោកស្រីមេធាវី បានបញ្ជាក់បន្ថែមទៀតថា នេះជារដូវកាលទី២ ហើយ ដែលវិភាគទានច្បាប់ បាននឹងកំពុងរៀបចំកម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់ ក្នុងគោលបំណង លើកទឹកចិត្ត ជំរុញ និងផ្តល់ឱកាសឱ្យនិសិ្សតជាស្រ្តីផ្នែកនីតិសាស្រ្តចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ អាចបញ្ចេញនូវសមត្ថភាពផ្នែកច្បាប់ ភាពក្លាហាន ភាពឆ្លាតវ័យ ភាពបត់បែន ឆ្ពោះទៅអនាគតល្អ និងភាពជាអ្នកដឹកនាំ ក៏ដូចជាជំរុញនូវឆន្ទៈរបស់ស្រ្តី ក្នុងការធ្វើការងារសង្គមផ្សេងៗ ក្នុងគោលដៅនៃការរួមចំណែកចែករំលែកនូវអ្វីដែលមានទៅកាន់សង្គម តាមរយៈការប្រកួតជាច្រើនដំណាក់កាល។

ដំណើរទស្សនកិច្ច នៅក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី នៅពេលនេះ គឺដោយសារវិភាគទានច្បាប់ បានមើលឃើញ និងទទួលស្គាល់ពីការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ក្នុងការផ្តល់សេវាកម្មច្បាប់យ៉ាងសម្បូរបែប ប្រកបដោយស្តង់ដា ក្រោមការដឹកនាំរបស់លោកមេធាវី លី រដ្ឋធី។ ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ឱកាសដល់បេក្ខនារីទាំងអស់ ទទួលបាននូវការចែករំលែកចំណេះដឹងទាក់ទងនឹងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមេធាវី បទពិសោធន៍ល្អៗរបស់មេធាវី និងបុគ្គលិកផ្នែកច្បាប់ជាស្រ្តី ដែលកំពុងបំពេញការងារនៅក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី។

លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់បេក្ខនារីទាំងអស់ ក៏ដូចជាក្រុមការងាររបស់វិភាគទានច្បាប់ សម្រាប់ដំណើរទស្សនកិច្ចមកក្រុមហ៊ុនមេធាវីពេលនេះ ព្រមទាំងបានគូសបញ្ជាក់ថា វិភាគទានច្បាប់ គឺជាក្រុមការងារបណ្តុះបណ្តាលមួយដែលមានសក្តានុពល និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលច្បាប់ ជាពិសេស លើវិស័យរដ្ឋប្បវេណី ហើយបច្ចុប្បន្ននេះ វិភាគទានច្បាប់ មានកិច្ចសហការជាមួយស្ថាប័នតែពីរប៉ុណ្ណោះ គឺគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ដែលនេះគឺជាការសបញ្ជាក់ អំពីការផ្តល់តម្លៃរបស់វិភាគទានច្បាប់ ចំពោះក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី។ ពិសេសជាងនេះទៅទៀត ការជ្រើសរើសមកធ្វើទស្សនកិច្ច របស់បេក្ខនារីនៃកម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តី លើវិស័យច្បាប់របស់វិភាគទានច្បាប់នាថ្ងៃនេះ កាន់តែបង្ហាញអំពីការផ្តល់កិត្តិយស និងកិច្ចសហការល្អ រវាងក្រុមហ៊ុនមេធាវី និងវិភាគទានច្បាប់។

នៅក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចនេះផងដែរ ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ក៏មានរៀបចំបទបង្ហាញចំនួនបី ជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់បេក្ខនារីទាំងអស់ លើប្រធានបទដូចខាងក្រោម៖

* ១៖ កញ្ញា គន្ធ វិជិតា ប្រធានផ្នែកសេវាកម្មច្បាប់ នៃក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី បានធ្វើបទបង្ហាញ ស្តីពី «ប្រវត្តិ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី»។ ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ត្រូវបានបង្កើតទ្បើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ដោយបានជួលការិយាល័យទំហំ ១១០ ម៉ែត្រក្រទ្បា មានមេធាវី និងបុគ្គលិកបំពេញការងារចំនួនក្រោម ០៥នាក់។ នៅឆ្នាំ២០១៦ ក្រុមហ៊ុនមេធាវី បានសាងសង់ការិយាល័យផ្ទាល់ខ្លួន មានកម្ពស់បីជាន់ និងទំហំសរុប ៤៤០ ម៉ែត្រក្រទ្បា ដោយមានមេធាវី និងបុគ្គលិកបំពេញការងារជាង ២០នាក់ រហូតនៅខែវិចិ្ឆកា ឆ្នាំ២០២២ ក្រុមហ៊ុនមេធាវី បានសាងសង់អគារផ្ទាល់ខ្លួនថ្មីមួយន្ថែមទៀត ដែលមានកម្ពស់ ៧ ជាន់ ផ្តល់ទំហំប្រើប្រាស់សរុបចំនួន ២,៣៤០ ម៉ែត្រក្រទ្បា មានមេធាវី និងបុគ្គលិកបំពេញការងារជាង ៤០នាក់។ ជាមួយគា្ននេះ កញ្ញា គន្ធ វិជិតា ក៏បានធ្វើការបង្ហាញអំពីទស្សនវិស័យ គោលបំណង គោលដៅ និងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមេធាវី រួមទាំងសេវាកម្មច្បាប់ដែលក្រុមហ៊ុនមេធាវីអាចផ្តល់ជូនអតិថិជនបានយ៉ាងទូលំទូលាយ។

* ២៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ ដៃគូសហការជាន់ខ្ពស់របស់ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី បានធ្វើបទបង្ហាញ ស្តីពី «ការវិវឌ្ឍខ្លួនរបស់មេធាវីជាស្រ្តីក្នុងវិស័យច្បាប់» ដោយក្នុងនោះកញ្ញាបានលើកទ្បើងអំពីប្រវត្តិរបស់ខ្លួន ត្រូវបានក្រុមគ្រួសារតម្រង់ទិសឱ្យសិក្សាមុខវិជ្ជាពេទ្យខុសពីគោលបំណងរបស់ខ្លួន ហើយកញ្ញាបានធ្វើការតស៊ូមតិរហូតបានសិក្សាមុខវិជ្ជាច្បាប់ ក្លាយជាមេធាវីតាមបំណងរបស់ខ្លួន។ កញ្ញាមេធាវី ក៏លើកទឹកចិត្តដល់បេក្ខនារីត្រូវខិតខំប្រឹងប្រែង កុំបាក់ទឹកចិត្តប្រសិនបើមិនទទួលបានជ័យលាភី ហ៊ានធ្វើការសម្រេចចិត្ត និងមិនត្រូវរួញរា ចៀសវាងពាក្យចាស់ពោលថា ស្រ្តីវិលចង្រ្កានមិនជុំទ្បើយ។

* ៣៖ កញ្ញា ឈិន ឆាយអ៊ី អនុប្រធានផ្នែកសេវាកម្មច្បាប់ នៃក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី បានធ្វើបទបង្ហាញ ស្តីពី «ការបំពេញតួនាទីជាជំនួយការច្បាប់ (ស្រ្តី)» ដោយក្នុងនោះ កញ្ញាបានលើកទ្បើងអំពីការត្រៀមខ្លួនដើម្បីធ្វើការជាជំនួយការច្បាប់ អំឡុងពេលបំពេញការងារក្នុងនាមជាជំនួយច្បាប់ (ស្រ្តី) មានគុណសម្បត្តិ និងបញ្ហាប្រឈមមួយចំនួន ព្រមទាំងបានផ្តល់ជាដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ កញ្ញាបានលើកទឹកចិត្តបេក្ខនារីឱ្យក្លាហាន និងរឹងមាំជាងមុន ត្រូវខិតខំឱ្យអស់ពីសមត្ថភាព។

ជាការតម្រង់ទិញដល់បេក្ខនារី លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី បានលើកឡើងថា មកដល់ពេលនេះ ប្អូនៗគួរឈប់សួរអ្នកដទៃថា ខ្លួនគួរធ្វើអ្វី? ត្រូវរៀនអ្វី? ត្រូវជ្រើសរើសធ្វើការងារអ្វី? មនុស្សម្នាក់ដែលប្អូនៗគួរសួរ គឺខ្លួនឯង។ មានតែប្អូនៗខ្លួនឯងទេ ដែលដឹងថាខ្លួនឯងពូកែផ្នែកអ្វី មានចំណូលចិត្តលើកិច្ចការងារណា។ ប្អូនៗត្រូវសង្កេត និងរកឱ្យឃើញអំពីចំណុចខ្លាំងរបស់ខ្លួន ហើយត្រូវខិតខំដុសខាត់ភាពខ្លាំងនោះឱ្យកាន់តែខ្លាំងឡើងថែមទៀត ហើយត្រូវចេះប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវ ។

ជាកិច្ចបញ្ចប់នៃកម្មវិធី លោកមេធាវី លី រដ្ឋធី បានប្រកាសអំពីការគាំទ្រឧបត្ថម្ភរបស់ក្រុមហ៊ុនមេធាវី និងដៃគូសហការចំពោះកម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់រដូវកាលទី២ ដែលរៀបចំឡើងដោយវិភាគទានច្បាប់ ដូចខាងក្រោម៖

* ១៖ បេក្ខនារីដែលឆ្លងកាត់ការប្រកួតប្រជែងដល់វគ្គ ១០ នាក់ចុងក្រោយ (TOP TEN) នឹងទទួលបានឱកាសបំពេញការងារក្នុងតួនាទីជាអ្នកហាត់ការផ្នែកច្បាប់ នៅក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ដោយពុំបាច់ឆ្លងកាត់ការប្រលង និងសម្ភាស។

* ២៖ បេក្ខនារីទាំងអស់នៃកម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់រដូវកាលទី២ នឹងត្រូវបានបញ្ចុះតម្លៃ ២៥ ភាគរយ សម្រាប់ការចូលរៀនវគ្គបណ្តុះបណ្តាល ស្តីពី «ជំនួយការច្បាប់» ដែលរៀបចំដោយក្រុមហ៊ុន មេធាវី ស៉ីអាយស៉ី នាពេលខាងមុខ។

* ៣៖ បេក្ខនារីទាំងអស់នៃកម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់រដូវកាលទី២ នឹងទទួលបានការបញ្ចុះ តម្លៃ ៥ ភាគរយ លើការទិញខុនដូរបស់ក្រុមហ៊ុន R&F (ទីតាំងផ្លូវ៦០ម៉ែត្រ) ដែលជាក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ។

* ៤៖ ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី សូមចូលរួមឧបត្ថម្ភថវិកាចំនួន ២.០០០ (ពីរពាន់) ដុល្លារអាមេរិក ដល់កម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់រដូវកាលទី ២។

* ៥៖ អាជីវកម្ម មីហឹរ Seoul ៧ យ៉ាង ៧ កម្រឹត ជាដៃគូរបស់ក្រុមហ៊ុនមេធាវី ស៉ីអាយស៉ី ចូលរួមឧបត្ថម្ភថវិកាចំនួន ១.០០០ (មួយពាន់) ដុល្លារអាមេរិក ដល់កម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្រ្តីលើវិស័យច្បាប់រដូវកាលទី២ សម្រាប់កម្មវិធី៕