(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានបទបញ្ជាពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកវរសេនីយ៍ឯក ហាវ ហេង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, លោក ជុំ វិរៈ អភិបាលរងស្រុកសន្ទុក និងលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានចុះទៅដល់គោលដៅ ទីតាំងដែលមានការចុះផ្សាយ របស់បណ្តាញតាមបណ្តាញសង្គមអំពីការបើកល្បែងជល់មាន់ យូគី និងអាប៉ោងខុសច្បាប់ នៅភូមិអូរស្ងួត ភូមិអូរ៧ និងភ្នំក្រហម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក។
ក្រោយពីក្រុមការងារ បានចុះពិនិត្យជាក់ស្ដែង ជាលទ្ធផលស៊ើបអង្កេត និងស្វែងរកព័ត៌មានពិត ព្រមទាំងរកភស្តុតាងនានាពាក់ព័ន្ធនៅទីតាំងភូមិសាស្ត្រខាងលើ, ក្រុមការងារបានបន្តលុកចូលតាមចំការចន្ទីរ និងចំការកៅស៊ូ និងបានបង្ហោះដ្រូនចំនួន២គ្រឿង ដើម្បីពិនិត្យស្ថានភាពនៅតំបន់នោះ គឺពុំមានការលួចលេងល្បែងស៊ីសងខុសច្បាប់ឡើយ។
សូមបញ្ជាក់ថា កន្លែងលេងគឺមានសភាពចាស់ ដែលបានបោះបង់ចោលជាយូរមកហើយ ពុំមានស្លាកស្នាមណាមូយមានការបើកថ្មីនោះទេ។ ក្រុមការងារ បានចុះជួបសួរនាំព័ត៌មានពីប្រជាពលរដ្ឋនៅផ្សារភ្នំក្រហម ដោយពួកគាត់ បានលើកឡើងថា កន្លងមកមានការបើកលេង ប៉ុន្តែបានឈប់ជាច្រើនខែមកហើយ។
ទន្ទឹមនឹងនេះផងដែរ ឧត្តមសេនីយ៍ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្ដេជ្ញាបង្កើនការតាមដានត្រួតពិនិត្យសកម្មភាពការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីឃើញថា មានការបើកលួចលាក់ល្បែងស៊ីសងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីធានារក្សាសុខសន្ដិភាព សណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ៕