(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើឱ្យប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងសូមអត់ធ្មត់ និងអធ្យាស្រ័យចំពោះការរៀបចំប្រព័ន្ធលូ និងជួសជុលផ្លូវ ខណៈក្រុមការងារកំពុងមមាញឹករៀបចំឱ្យបានឆាប់រួចរាល់។

មន្ទីរជំនាញបានទទួលគម្រោង២ទៀត គឺការកសាងប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ក្នុងនោះមានផ្នែកខាងកើតស្ទឹង និងផ្នែកខាងលិចស្ទឹង។ ផ្នែកខាងកើតស្ទឹង ត្រូវបានប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីភ្ជាប់ទៅប្រព័ន្ធលូធំ ពោលយកទឹកទៅឆ្ងាយរហូតដល់អូរមុនីក្នុងស្រុកសង្កែ ដើម្បីដាក់ក្នុងអាងប្រព្រឹត្តកម្មមួយទំហំ១០ហិកតា តាមលក្ខណៈបច្ចេកទេស។

លោក សុខ លូ បានថ្លែងទៀតថា សម្រាប់ទឹកហ្នឹងត្រូវបានធ្វើប្រព្រឹត្តកម្មទៅក្លាយជាទឹកដែលមិនមានស្អុយ និងកខ្វក់អីទៀតទេ ពោលអាចក្លាយទៅជាទឹកស្រោចស្រពបាន ហើយផ្នែកខាងកើតស្ទឹងនេះយើង បានដឹងពីការលំបាក នៃការសាងសង់នេះគឺបន្តបន្ទាប់យើងឃើញថា មានការខូចខាងផ្លូវថ្នល់មួយចំនួន ក្នុងពេលបច្ចុប្បន្នយើងកំពុងធ្វើការជួសជុលជាបន្តបន្ទាប់ ហើយគម្រោងខាងកើតស្ទឹងនេះនឹងចប់នៅក្នុងឆ្នាំ២០២៤នេះ។ ឥឡូវនេះគឺបានប្រហែលជា ៩៥ភាគរយ ហើយគម្រោងនេះ ពិតជាមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់អ្នកក្រុងបាត់ដំបង។

លោកបន្តថា គម្រោងផ្នែកខាងលិចស្ទឹង យើងបានដឹងថានឹងចប់នៅចុងឆ្នាំ២០២៥។ គម្រោងនេះដូចគ្នាគឺធ្វើប្រព័ន្ធរំដោះលូទឹកកខ្វក់ ដើម្បីនាំទឹកកខ្វក់ទាំងអស់តាមផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅដាក់នៅក្នុងអាងប្រព្រឹត្តកម្មដី ប្រមាណជិត១០ហិកតាដែរ នៅចន្លោះស្រុកថ្មគោល និងស្រុកឯកភ្នំ។

សូមស្តាប់ការបញ្ជាក់របស់លោកអភិបាលខេត្ត៖