(បន្ទាយមានជ័យ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង បានលើកឡើងថា ការផ្ដល់រង្វាន់ម៉ូតូ និងការអញ្ជើញទៅជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺជាកិត្តិយកខ្ពស់ណាស់ សម្រាប់ប្អូនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ហើយបានទទួលនិទ្ទេស A។
ការលើកឡើងរបស់ លោក ស សុខា បែបនេះត្រូវបានធ្វើឡើង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់ ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ទាំង១៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោកស្រី ម៉ៅ ម៉ាល័យ កែ គីមយ៉ាន លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្តល់ម៉ូតូជាសំណាងរបស់ប្អូន ព្រមទាំងបានអញ្ជើញទៅជួបសម្តេចតេជោ នៅវិមានសន្តិភាព គឺមានកិត្តិយសខ្ពស់ណាស់ ហើយម៉ូតូដែលផ្ដល់ឲ្យប្អូនៗល្អហើយ ប៉ុន្តែអ្វីដែលខ្ញុំស្នើសុំ គឺកុំកែឆ្នៃអ្វីផ្សេងទៀត»។ លោកក៏បានស្នើទៅដល់សិស្សានុសិស្សថា «ប្អូនៗត្រូវផ្តល់លេខទូរស័ទ្ទទំនាក់ទំនងគ្នា ណាដែលមានភាពងាយស្រួលទំនាក់ទំនងគ្នា ដោយយើងរស់នៅឆ្ងាយពីក្រុមគ្រួសារ ប្រសិនបើយើងមានរឿងអ្វីកើតឡើង យើងងាយស្រួលក្នុងទំនាក់ទំនងគ្នា»។
ជាមួយគ្នានោះដែរ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្អូនប្រុស ប្អូនស្រី ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីលើកម្ពស់ខេត្ត គ្រួសារ និងប្រទេសជាតិ ហើយត្រូវជៀសវាងឲ្យឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន ព្រមទាំងគ្រឿងស្រវឹង។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់លោកស្រី ម៉ៅ ម៉ាល័យ កែ គីមយ៉ាន និងលោក ស សុខា ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានឧបត្ថម្ភ ដល់ប្អូនដែលបានជាប់និទ្ទេស A ហើយលោកអភិបាលខេត្តក៏បាន ឧបត្ថម្ភបន្ថែម នូវទូរស័ព្ទ iPhone ម្នាក់១គ្រឿង ផងដែរ៕