(កោះកុង)៖ លោក ទៀ សុរៈឆ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានអមដំណើរលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តកោះកុង និងមន្ត្រីរាជាការគ្រប់អង្គភាពជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក អ៊ុត សំអន សូមចូលរួមអបអរសាទរចំពោះលោក ទៀ សុរៈឆ័យ ត្រូវបានតែងតាំងជាអភិបាលរងខេត្តថ្មី ក្រោយទទួលបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ដើម្បីបំពេញបន្ថែមចំនួនគណៈអភិបាលខេត្តកោះកុង បម្រើប្រជាពលរដ្ឋ និងចូលការអភិវឌ្ឍន៍ក្នុងខេត្តឲ្យមានការរីកចំរើនខ្លាំងឡើង។
លោកសូមកោតសសើររដ្ឋបាលខេត្តកោះកុង ដែលបានបន្តថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អ ដោយមិនត្រូវឱ្យជនណា ឬក្រុមណាមួយណាមកបំផ្លាញ សុខសន្តិភាព ដែលមានសព្វថ្ងៃនេះជាដាច់ខាត។
លោកសូមអរគុណគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ទូទាំងខេត្តកោះកុង ដែលបានទប់ស្កាត់ការប៉ុនប៉ងធ្វើបាតុកម្មរបស់ក្រុមជនមួយក្តាប់តូច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលប្រឆាំងគម្រោងអភិវឌ្ឍន៍ តាមព្រំដែន កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលមានផែនការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក សំអន ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ជាពិសេសការធ្វើផ្លូវតាមក្រវាត់ព្រំដែន៕