(ញូយ៉ក)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រថភ្លើងមួយខ្សែ បានរអិលធ្លាក់ផ្លូវ នៅពេលឆ្លងកាត់ស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Hoboken នៃរដ្ឋ News Jersey ខណៈសេចក្ដី រាយការណ៍បឋមបានឱ្យដឹងថា មានមនុស្សម្នាក់បានស្លាប់ និងច្រើនជាង១០០នាក់បានរងរបួស។ នេះបើតាម ការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ភ្លាមៗនោះដែរ ក្រុមប៉ូលិសនៅក្នុងតំបន់ និង ផ្នែកដឹកជញ្ជូននៃរដ្ឋ New Jersey មិនបានធ្វើអាត្ថាធិប្បាយអ្វី ឡើយជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ ក្រៅតែពីបញ្ជាក់ថាសេវ៉ាកម្មរថភ្លើងទំាងក្នុង និង ក្រៅស្ថានីយ៍រថភ្លើង ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ។ ក៏ប៉ុន្តែ បើតាមរូបភាពត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនង សង្គម គេឃើញថា ដំបូលមួយផ្នែកនៃស្ថានីយ៍រថភ្លើងខាងលើ បានរលំ រីឯទូរថភ្លើងមួយបានរងការខូតខាត។
សូមជម្រាបថា ស្ថានីយ៍រថភ្លើង Hoboken ស្ថិតនៅតាមបណ្ដាយច្រំាងទន្លេ Hudson ហើយដែលត្រូវបាន អ្នក ដំណើរជាច្រើនប្រើប្រាស់ដើម្បីធ្វើដំណើរពីរដ្ឋ New Jersey ចូលទៅកាន់តំបន់ Manhattan។ នៃទីក្រុងញូយ៉ក៕