(កណ្ដាល)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងវិវាទដីធ្លីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីលោកស្រីមេធាវី លី រ៉ានាថ ជាតំណាងឲ្យភាគីវិវាទ បានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មក អ.ដ.ក. កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ផ្អែកតាមពាក្យស្នើសុំខាងលើ លោក អែម ប៊ុន្នី និងលោក ងន សុខជា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារ នៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយមេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។
ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌ នៃការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មេធាវី ដែលបានសម្រុះសម្រួលផ្សះផ្សាវិវាទដោយជោគជ័យជូនភាគីវិវាទ អាចដាក់ពាក្យស្នេីសុំមក អ.ដ.ក. ដេីម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕