(កែប)៖ លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ ផែនការសកម្មភាពការងារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយះពេល ៣ថ្ងៃជាប់គ្នា គឺថ្ងៃ ៣០ កញ្ញា និងថ្ងៃទី ០១ និង ទី០២ តុលា ឆ្នាំ ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តកែប។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកនិងលោកស្រីស្នងការរងគ្រប់ផែន អង្គភាពក្រុមចំរុះប្រចាំឆ្នេរ កំពង់ផែកោះទន្សាយ អធិការនគរបាល ក្រុងនិង ស្រុក ក្រុមចំរុះនគរបាលខេត្តចុះគ្រប់ប៉ុស្តិ៍ នាយប៉ុស្តិ៍រដ្ឋបាល និងកំលាំងអន្តរាគមន៍ ដែលមានសមាសភាពសរុបចំនួន ៨៩នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានណែនាំនិងគូសបញ្ជាក់ចំណុចសំខាន់ៗដែលគ្រប់អង្គភាពត្រូវតែខំ ធ្វើអោយបានរួមមាន៖
ទី1. ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់បង្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន សកម្មភាពទំនើង និងអំពើល្មើសច្បាប់ផ្សេងៗទៀតអោយបានល្អប្រសើរគ្រប់មូលដ្ឋានដែលទទួលខុសត្រូវ។
ទី2. ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រមណីយដ្ឋាន ឆ្នេរ កោះ វត្តអារ៉ាម កន្លែងជួបជុំកំសាន្តសប្បាយ ឱ្យមានសុវត្ថិភាពល្អ ។
ទី3. ត្រូវរៀបចំសំរួលចរាចរ សណ្តាប់ធ្នាប់ដងផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ការកកស្ទះ ធានាសុវត្ថិភាពតាមដងផ្លូវធ្វើដំណើរ។
ទី4. ត្រូវរៀបចំមន្ត្រីប្រចាំការផ្តល់អត្តសញ្ញាណបណ្ណ័នឹងការពារគ្រប់ការិយាលយ័ចុះឈ្មោះតាមការណែនាំរបស់ថ្នាក់លើ។
ទី5. ត្រូវត្រៀមកំលាំងដើម្បីអន្តរាគមន៍ជួយសង្គ្រោះគ្រប់បែបយ៉ាង ទាំងនៅថ្នាក់ខេត្ត និងអធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល។
ទី6. ត្រូវចែករំលែកគ្នា បានទៅសួរសុខទុក្ខ និងចូលរួមបុណ្យតាមប្រពៃណីយ៍ជាតិ ជាមួយក្រុមគ្រួសារ ដោយត្រូវរក្សាឱ្យបានកំលាំង ៧០% នៅអង្គភាព។
ជាមួយគ្នានេះលោកស្នងការ ក៏បានឧប្ថម្ភថវិកាមួយចំនួន ដល់កំលាំងប្រតិបត្តិការនៅខេត្តកែប រយះពេល៣ថ្ងៃ និងអ្នកបើករថយន្តគិលានសង្គ្រោះ និងបានចាត់តាំងលោកស្នង ការរងទទួលផែនភស្តុភារ និងហិរញ្ញវត្ថុ ធ្វើដំណើរទៅមន្ទីរខេត្ត គៀនយ៉ាង ប្រទេសវៀតណាម នាំយកថវិកា ១ចំនួនទៅជូនមន្ត្រី១រូប ដែលកំពុងព្យាបាលរបួសនៅទីនោះ ដោយសារជិះម៉ូតូដួលដោយខ្លួនឯង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ផងដែរ៕