(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនស្ត្រីសង្ស័យឈ្មោះ លីម សុខលាប ដែលប្រើហិង្សាលើស្ត្រីម្នាក់ទៀត ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ក្នុងខណ្ឌឫស្សីកែវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។
មន្ត្រីតុលាការបានប្រាប់ភ្នាក់ងារបណ្ដាញព័ត៌មាន Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ ឲ្យដឹងថា ករណីនេះកំពុងស្ថិតក្នុចំណាត់បើកការស៊ើបសួររបស់លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា ស្ដ្រីម្នាក់បានប្រើអំពើហិង្សាលើស្ដ្រីម្នាក់ទៀត នៅចំណុចខុនដូរមួយកន្លែង ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួន។ ការចាប់ខ្លួននេះ ក្រោយឃើញការចែកចាយវីដេអូនៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីហិង្សា និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជានេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនស្ដ្រីជនសង្ស័យឧប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕