(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មកិត្តិយសនៅបរទេស ដោយលោកបានបញ្ជាក់ថា កម្ពុជាកំពុងពិចារណាលើការបង្កើតសភាពាណិជ្ជកម្មនៅឯក្រៅប្រទេស ព្រោះក្រុមការងារនៅធ្វើការជ្រើសរើសថ្នាក់នាំ និងសមាជិកសម្រាប់ដំណើរការស្ថាប័នថ្មីមួយនេះបន្តទៀត។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានឱ្យដឹងថា វត្តមានសភាពាណិជ្ជកម្មកម្ពុជា នៅបរទេស នឹងរួមចំណែកលើកស្ទួយវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ ដោយសារតែស្ថាប័ននេះ មានតួនាទីជំរុញការនាំចេញផលិតផលខ្មែរ និងសម្របសម្រួលគម្រោងវិនិយោគផ្សេងៗ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មនឹងធ្វើវិសោធនកម្មលើមាត្រា និងបទបញ្ជាផ្ទៃក្នុងមួយចំនួន នៃច្បាប់ស្តី ការបង្កើតសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកវិសាលភាព និងផ្តល់អំណាចមួយចំនួនដល់ស្ថាប័នថ្មីនេះ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ និងសមាជិក ដើម្បីបំពេញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

អង្គប្រជុំក៏បានធ្វើការពិភាក្សាយ៉ាងផុសផុលអំពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់សភាពាណិជ្ជកម្ម នៅបរទេស ព្រមទាំងនីតិវិធីក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដើម្បីពន្លឿនដំណើរការបង្កើតស្ថាប័នថ្មីនេះ នៅតាមបណ្តាប្រទេសនានា ជុំវិញពិភពលោកផងដែរ៕