(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តសេចក្តីជូនដំណឹងសារជាថ្មី និងបានបញ្ជាក់ថានាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធ​នឹងករណី​ជនខិលខូចមួយក្រុមតូចក្លែងបន្លំ​ជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។

ឆ្លើយតបនឹងករណីនេះអគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ជូនថា ករណីខាងលើនេះគឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោត អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រឡំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅ​បុគ្គលជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារ ដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារបានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធ ឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ។

ជាក់ស្តែង នាពេលបច្ចុប្បន្ននេះការប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ ឬតាមអនឡាញដោយផ្ទាល់តែម្តង ក្នុងនោះជាអាទិ៍មាន ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-filing), ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI E-filing),កម្មវិធីប្រកាសពន្ធ​អាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (E-payment system)។

ទន្ទឹមនឹងការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីដើម្បីគ្រប់គ្រងនិងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំប្រព័ន្ធ និងកម្មវិធីដើម្បីសម្រួលលើការផ្តល់សេវាជូនអ្នកជាប់ពន្ធក្នុងការអនុវត្ត កាតព្វកិច្ចសារពើពន្ធ ជាពិសេសកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) ដែលផ្តល់លទ្ធភាពយ៉ាងពិសេសជូនដល់អ្នកជាប់ពន្ធអាចធ្វើការត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួន​មន្ត្រីដើម្បីបញ្ជាក់ អត្តសញ្ញាណជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារពិតប្រាកដ ដោយគ្រាន់តែស្កែនលើបារកូដ ឬ QR កូដ លើលិខិតឬប័ណ្ណសម្គាល់ខ្លួន អាចទទួលបានព័ត៌មានភ្លាម, ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធថាពិតជាបង្កាន់ដៃ ត្រឹមត្រូវឬទេ, តាមដាននិងត្រួតពិនិត្យដំណើរការឯកសារ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមអំពាវនាវដល់អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្ន និងសូមពិនិត្យឱ្យបានច្បាស់លាស់ក្នុងករណីមានបុគ្គលណាដែលមិនមានឯកសណ្ឋាន​មន្ត្រីពន្ធដារ និងមិនមានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ ចុះតាមអាជីវកម្មដ្ឋានរបស់អស់លោក លោកស្រី ក្នុងគោលដៅប្រមូលប្រាក់ ពិសេសលើកឡើងថា ប្រមូលប្រាក់ពន្ធ និងដោយគ្មានលិខិត​បេសកកម្ម និងបញ្ជាក់ពីអង្គភាពច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) បុគ្គលនោះគឺពុំមែនជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារ​នោះឡើយ។

ក្នុងករណីនេះសូមអំពាវនាវដល់អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅសូមចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារ​ពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹងនិងដាក់ពាក្យប្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចំពោះករណីក្លែងបន្លំនេះ៕