(ភ្នំពេញ)៖ កងពលតូចថ្មើជើងលេខ៧០ បានធ្វើពិធីកាន់បិណ្ឌទី១៤ នៅវត្តបុទុមវត្តី ដែលនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងបញ្ចប់នោះហើយ ។ ពីធីកាន់បិណ្ឌនេះគឺប្រព្រឹត្ត ទៅរួមគ្នាជាមួយសម្តេចព្រះមហាអរិយសង្ឃសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ កងពល ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងមេបញ្ជាការរង និងពុទ្ធបរិស័ទចំណុះជើងវត្ត។
លោកមេបញ្ចាការ បានប្រគេនទេយ្យទានរួមមាន៖ អង្ករ២តោន ទឹកក្រូច៥០កេះ ទឹកសុទ្ធ៥០ ស្ករស ១០០គីឡូ មី៥កេសធំ និងស្លាដក និងបច្ច័យជាង៧លានរៀល ។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តាន ព្រមទាំងបុព្វការីជន ដែលបានចែកឋានទៅ និងដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិផងដែរ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦៕