(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅលើយុទ្ធជនដែលបានពលីដើម្បីជាតិ កូនស្រីរបស់សពឧត្តមនីយ៍ត្រី ស៊ុន ផល្លា ដែលបានពលី​ជីវិត​ធ្លាក់ឧទ្ធម្ភាគចក្រ ពេលកំពុងហោះហ្វឹកហ្វឺន នៅភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់ យុវតី ខន រតនៈលីសា បានទទួលអាហារូបករណ៍ចំនួន ១០០ភាគរយ ថ្នាក់ចំណេះដឹងទូទៅ ភាសាខ្មែរ អង់គ្លេស និងភាសាចិន ពីសាលាអន្តរជាតិ ហ្គោ ហ្គោ ចំនួន ១២ឆ្នាំពេញ។

ពិធីប្រគល់- ទទួលអាហារូបបរណ៍១០០% នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក សេង គីមម៉ា ស្ថាបនិក និងជាអគ្គនាយកសាលាអន្តរជាតិ ហ្គោ ហ្គោ, លោកស្រី ខាន់ ចាន់ធុល ភរិយានៃសពឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា រួមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។

លោក សេង គីមម៉ា អគ្គនាយកសាលាអន្តរជាតិ ហ្គោ ហ្គោ បានឱ្យដឹងថា ការផ្តល់អាហារូបករណ៍ ១០០% ជូនដល់យុវតី ខន រតនៈលីសា នេះមានរយៈពេល ១២ឆ្នាំពេញ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ លើមុខវិទ្យា ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន និងចំណេះដឹងទូទៅ។

លោក សេង គីមម៉ា បានបន្ថែមថា គិតមកដល់ពេលនេះសាលា បានផ្តល់អាហារូបករណ៍ ១០០% ជូនដល់ថ្នាក់ដឹកនាំ សម្រាប់ផ្តល់ជូនកូនអតីតយុទ្ធជនពលី ក៏ដូចជាសិស្សក្រីក្រ មានចំនួន ៣០កន្លែងរួចមកហើយ ដើម្បីជាការចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យបានកាន់តែប្រសើរឡើងផងដែរ។

នាឱកាសនោះដែរលោកស្រី ខាន់ ចាន់ធុល បានសម្តែងការដឹងគុណ និងថ្លែងអរគុណជាអនេក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់គ្រួសារយុទ្ធជនពលី និងក្មេងកំព្រាខ្វះខាត ដែលក្នុងនោះសម្តេច​បានផ្តល់អាហារូបករណ៍​ដល់កូនរបស់ខ្លួនទាំង ២នាក់ ក្រោយស្វាមីបានបាត់បង់ជីវិត។

លោកស្រី ខាន់ ចាន់ធុល ក៏បានគោរពជូនពរជូនសម្តេចទាំងទ្វេ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ និងប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពជូនពរដល់លោកអគ្គនាយកសាលាអន្តរជាតិ ហ្គោ ហ្កោ សូមមានសុខភាពល្អ អាយុយឺនយូរ ទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕