(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC បានសំដែងស្វាគមន៏ និងអបអរសាទរចំពោះប្រាក់ឈ្នួល អប្បបរមារបស់កម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលត្រូវបានគណៈកម្មការប្រឹក្សាការងារប្រជុំអនុម័តតម្លើងចំនួន ១៥៣ដុល្លាក្នងមួយខែ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧ ។
លោកបានបន្តថា ទម្រាំឈានដល់ដំណាក់កាល សម្រេចចុងក្រោយនេះគឺក្រុមការងារបច្ចេកទេសត្រីភាគីបានធ្វើការប្រជុំតាម កាលវិភាគជាលក្ខណៈទ្វេរភាគី និងជាលក្ខណៈត្រីភាគីអស់ចំនួន៩លើក និងមានរយៈពេល៣ខែមកហើយ ហើយការប្រជុំម្រេច របស់គណៈកម្មការប្រឹក្សានៅរសៀលថ្ងៃនេះ គឺជាលទ្ឋផលដ៏វិជ្ជមាន មួយសម្រាប់វិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជាក្នុងរយៈ ៥ឆ្នាំចុងក្រោយនេះ ម្យ៉ាងទៀតវាជាកាដូរបស់ កម្មករជាង ៨០មឹុននាក់ នៅក្នុងរដូវភ្ជុំបិណ្ឌ និងពួកគេនឹងទទួល បានសម្រាប់ឆ្នាំ២០១៧ ។
លោក សោម អូន បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់ កម្មករត្រូវបានតម្លើងជាបន្តបន្ទាប់ចំនួន១២ លើកមកហើយចាប់តាំងពីវិស័យ វាយណភ័ណ្ឌកាត់ដេរមាន ការរីកចម្រើនតាំងពី ទស្សវត្ស៩០ ហើយបានតម្លើងក្នុងកម្រិត សមរម្យជាងគេគឺក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះដោយសារតែ កត្តាសេដ្ឋកិច្ច និងកត្តាសង្គមមានលក្ខ័ណ្ឌល្អប្រសើរ៕