(មីយ៉ាន់ម៉ា)៖ គណៈប្រតិភូជាន់ខ្ពស់សភា នៃកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៦នេះ បានអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព ដើម្បីចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន(AIPA) លើកទី៣៧ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។
មហាសន្និបាតលើកទី៣៧ អន្តរសភាអាស៊ាន នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ដោយនៅក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន ក៏នឹងត្រូវឡើងមានប្រសាសន៍ នៅក្នុងចំណោមថ្នាក់ដឹកនាំ សភាបណ្តាប្រទេសសមាជិកអាយប៉ាទំាង១០ ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបូរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ផងដែរ។
ចំណែកគណៈប្រតិភូសភាកម្ពុជា ដែលអមដំណើរ សម្តេចប្រធានរដ្ឋសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧ ដែលមានសមាជិកព្រឹទ្ធសភា និងរដ្ឋសភានោះ នឹងត្រូវចូលរួមកិច្ចប្រជុំ របស់គណៈកម្មការនានារបស់អាយប៉ា ក្នុងនោះមានគណៈកម្មការនយោបាយ សេដ្ឋកិច្ច សង្គម និងស្រ្តី ជាដើម។
សូមជម្រាបថា អន្តរសភាអាស៊ាន (AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមាន១០ប្រទេស។ មហាសន្និបាតអន្តរសភាអាស៊ាន តែងតែប្រារព្ធធ្វើនៅរៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកបានផ្លាស់វេនគ្នាទទួលរៀបចំមហាសន្និបាត។ មហាសន្និបាតលើកទី៣៧ ប្រារព្ធធ្វើនៅប្រទេសមីយ៉ាន់ម៉ាពេលនេះ ក្រោមប្រធានបទថា «ភាពរស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់អាស៊ាន»៕