(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រទានព្រះរាជសារជូនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដែល សម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តស្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។

តាមរយៈព្រះរាជសារនេះ ព្រះមហាក្សត្រ បានមានព្រះប​ន្ទូលដូចតទៅ៖

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រពៃស្តីពី សម្តេចអគ្គ មហាសេនាបតីតេជោ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាង សន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ (Dongguk University WISE) នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញទៅចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ។

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និង ជាអគ្គមគ្គទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ ដ៏ឆ្នើម ធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ដែលទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសបានចូលរួមចំណែកកសាងទំនាក់ ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖