(ភ្នំពេញ)៖ ក្រោយពីមានការបោះឆ្នោតជ្រើសរើសតួលេខ ១៤៨ដុល្លារ នៅល្ងាចនេះនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែម៥ដុល្លារទៀតលើតួលេខ១៤៨ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ខែកម្មករសម្រាប់ឆ្នាំ២០១៧ ឡើងដល់១៥៣ដុល្លារ។ នេះបើតាម លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជំរាបថា ទីបំផុត ! គណៈកម្មការប្រឹក្សាការងារ (LAC) នៅម៉ោង៤៖០០ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចបោះឆ្នោតជ្រើសរើសតួលេខ ១៤៨ដុល្លារ ដើម្បីកំណត់ជាការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែជូនកម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅឆ្នាំ២០១៧ ខាងមុខនេះ។
ការបោះឆ្នោតជ្រើសរើសតួលេខ ១៤៨ដុល្លារនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធាន LAC ព្រមទាំងមានការចូលរួមពីសមាជិកគណៈកម្មការប្រឹក្សាការងារនានា ដែលមកពីខាងក្រុមសហជីព និយោជក និងមន្រ្តីរាជរដ្ឋាភិបាលផងដែរ។ តួលេខ ១៤៨ដុល្លារនេះ គឺត្រូវបានជ្រើសរើសចេញពីតួលេខចំនួន៣ កាលពីម្សិលមិញ ដោយក្នុងនោះ រួមមាន ១៧១ដុល្លារ បានស្នើដោយក្រុមសហជីព, ១៤៨ដុល្លារ បានស្នើដោយរាជរដ្ឋាភិបាលកម្ពុជា និង១៤៧ដុល្លារទៀត ស្នើដោយភាគីនិយោជក។
សូមជំរាបថារាជរដ្ឋភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរសំម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ហើយប្រាក់ឈ្នួលអប្បបរមា របស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត៕