(មូស្គូ)៖ សភារុស្ស៊ី ឬហៅថា Duma បានធ្វើការកត់សម្គាល់នៅថ្ងៃព្រហស្បតិ៍ នេះថា ការសន្និដ្ឋាន នៅក្នុងរបាយការណ៍របស់ ក្រុមស៊ើបអង្កេតអន្តរជាតិ (JIT) ស្ដីពីការធ្លាក់យន្ដហោះ MH17 នៃ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី គឺមានចរិកនយោបាយ និង មិនបានបង្ហាញពីការពិតនៃ សោកនាដកម្មនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាច នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ។
ការលើកឡើងបែបនេះ របស់សភាជាន់ទាបរុស្ស៊ី ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង របាយការណ៍ ស៊ើបអង្កេតរយៈពេលជាងពីរឆ្នាំ នៃក្រុមអ្នកស៊ើបអង្កេត JIT រួមមាន ប្រទេសហូឡង់ អូស្ត្រាលី ម៉ាឡេស៊ី ប៊ែលហ្សិក និង អ៊ុយក្រែន ដែលបានលើកឡើងថា យន្ដហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់ មីស៊ីលប្រភេទ Buk ផលិតនៅរុស្ស៊ី ហើយមីស៊ីលនេះ ត្រូវបានបាញ់ចេញដែនដីគ្រប់គ្រងរបស់ ក្រុមឧទ្ទាមបំបែករដ្ឋគំាទ្រនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។
ដោយឡែកជុំវិញ របាយការណ៍ស៊ើបអង្កេតនេះដែរ អ្នកនំាពាក្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន លោក ឌីមីទ្រី ប៉េស្កូវ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC ថា «រុស្ស៊ីទាត់ចោលរបាយការណ៍នេះ ដោយសំអាងថា វាគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ។ យើងនឹងបន្តការស៊ើបអង្កេត ហើយ យើងក៏មិនបានឃើញភស្ដុតាងណាមួយនោះដែរ ដូច្នេះយើងមិនអាចវាយតម្លៃបានឡើយថា របាយការណ៍នេះ គឺជាការពិត»។
គួរបញ្ជាក់ថា យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានគោលដៅហោះហើរពី ទីក្រុងអំាស្ទឺដំា នៃប្រទេសហូឡង់ ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ ត្រូវបានគេបាញ់ទម្លាក់នៅឯ ភាគខាងកើត ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី១៧ ខែ កក្កដាឆ្នាំ ២០១៤ ដោយបានផ្ដាច់យកជីវិត មនុស្សជិះនៅលើយន្ដហោះ នេះទំាងអស់ ២៩៨នាក់ ក្នុងនោះភាគច្រើនជាជនជាតិហូឡង់៕