(ភ្នំពេញ)៖ ទីបំផុត ! គណៈកម្មការប្រឹក្សាការងារ (LAC) នៅម៉ោង៤៖០០ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចបោះឆ្នោតជ្រើសរើសតួលេខ១៤៨ដុល្លារ ដើម្បីកំណត់ជាការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែជូនកម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសតួលេខ ១៤៨ដុល្លារនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធាន LAC ព្រមទាំងមានការចូលរួមពីសមាជិកគណៈកម្មការប្រឹក្សាការងារនានាមកពីខាងក្រុមសហជីព និយោជក និងមន្រ្តីរាជរដ្ឋាភិបាល។
តួលេខ១៤៨ដុល្លារនេះ គឺត្រូវបានជ្រើសរើសចេញពីតួលេខចំនួន៣ កាលពីម្សិលមិញ ដោយក្នុងនោះ រួមមាន ១៧១ដុល្លារ ដែលបានស្នើដោយក្រុមសហជីព, ១៤៨ដុល្លារ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា និង១៤៧ដុល្លារទៀត ស្នើដោយភាគីនិយោជក។
កាលពីឆ្នាំមុន បន្ទាប់ពីមានការបោះឆ្នោត កំណត់យកតួលេខដំឡើងប្រាក់ឈ្នួលដល់កម្មករបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបន្ថែម នូវទឹកប្រាក់៥ដុល្លារទៀតបន្ថែមលើតួលេខរបស់ LAC ផងដែរ ដែលធ្វើឱ្យប្រាក់ខែរបស់កម្មករកើនឡើងដល់១៤០ដុល្លារ។
សូមជំរាបថា រាជរដ្ឋភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរសំម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ដើម្បីឱ្យស្របទៅនឹងកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា៕