(ប៉ៃលិន)៖ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករជាច្រើននាក់ កំពុងខ្វះការយល់ដឹងពីបញ្ហាសុខភាព និងមុខទំនិញ ផលិតផលណាដែលយកទៅប្រើប្រាស់ និងបរិភោគ ដូច្នេះមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន បន្តយុទ្ធនាការអប់រំ ណែនាំ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយក្នុងនោះ មន្ដ្រីជំនាញក៏បានធ្វើការដកហូត នូវទំនិញខូចគុណ មួយចំនួនផងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារ Fresh News មន្ត្រីកាំកុងត្រូល ក្រោមការណែនាំផ្ទាល់ពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស សហការជាមួយ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ជាច្រើនរូបចុះផ្សព្វផ្សាយ អប់រំ ដល់អាជីវករ និងប្រជាពលរដ្ឋ ដែលបានដាក់តាំងយកមុខទំនិញណា ដែលបង្ក និងទំនិញណាផុតកាលបរិច្ឆេទ។
លោក ប្រធានសាខា បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ មន្ត្រីជំនាញដកហូតបាន ទំនិញខូចគុណភាពដូចជា ទឹកខ្មេះរូបទន្សាយ៦ដប ទឹកក្រូចដបតូច ធំ ១៩ដប មីកំប៉ុង៣កំប៉ុង នំស្រួយលីលី ១៧កញ្ចប់ធំ ស្មើនឹង២០៤កញ្ចប់ ម៉្សៅរ៉តឌី៧៩កញ្ចប់ ដើម្បីយកទៅកម្ទេចចោលផងដែរ និងបានឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់។
ជាមួយគ្នានោះដែរ លោកបានអំពាវវនា ដល់អាជីវករណា ដែលបានយកទឹកខ្មេះ រូបទន្សានក្រហម (ទឹកអាស៊ីត) មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះទឹកខ្មេះនេះ វាបង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរណាស់ ហើយបញ្ហាប្រឈម ដូចជា ជម្ងឺរលាកសួត រលាកក្រពះ ផ្លូវដង្ហើម ជាដើម៕