(កណ្ដាល)៖ កម្លាំងជលផលខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការកិច្ចខណ្ឌជលផល ចតុមុខ ក្រោមការបញ្ជាពីសំណាក់ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទ ក្នុងដែនទឹកចំនួន៣ស្រុកក្នុងពេលតែមួយ គឺស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកស្អាង ដោយរឹបអូសបានឧបករណ៍ល្មើសច្បាប់ជាច្រើន ដើម្បីដុតបំផ្លាញចោលនៅនឹងកន្លែង។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាលដែលបានដឹកនាំកម្លាំងចុះបង្ក្រាប បានថ្លែងប្រាប់ Fresh News នៅថ្ងៃនេះថា កម្លាំងជលផលខេត្តកណ្ដាល បានសហការជាមួយកម្លាំង អធិការកិច្ចខណ្ឌជលផលចតុមុខ និងគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ បានបើកប្រតិបត្តិបង្ក្រាបបទល្មើសនេសាទ ដែលកំពុងតែកើតឡើង ក្នុងទឹកដីស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកលើកដែក ដោយបានប្រើប្រាស់កាណូត ចំនួន៥គ្រឿងជាមធ្យោបាយ និងកម្លាំងសរុបចំនួន៣៤នាក់។
លោកបានបន្តថា ការបើកប្រតិបត្តិការពេញមួយថ្ងៃនេះ កម្លាំងសមត្ថកិច្ចរឹបអូសបានឧបករណ៍ ល្មើសច្បាប់ជាច្រើនដូចជា ដុតបំផ្លាញចោលសៃយ៉ឺនស្បៃមុងចំនួន១០៦មាត់លូ, ដុតបំផ្លាញរបាំងស្បៃមុង៨១៥០ម៉ែត្រ, ដុតបំផ្លាញបង្គោលតូចធំ ២៦៥០ដើម, ចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិ ១១៥គីឡូក្រាម, និងឃាត់រថយន្តដឹកនុយត្រី១គ្រឿង។
យ៉ាងណាមិញ នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្តថា លោកសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយបើប្រជានេសាទ ចង់ប្រកបមុខរបរនេសាទ លោកនឹងផ្តល់ជាពូជកូនត្រី សម្រាប់ចិញ្ចឹម ដោយមិនគិតថ្លៃ ព្រមទាំងថែមការបង្រៀន នូវបច្ចេកទេសក្នុងការចិញ្ចឹម មើលថែទាំត្រី ដល់បងប្អូនប្រជានេសាទថែមទៀតផង។
លោកបន្តថា ការប្រកាសផ្ដល់ពូជកូនត្រី ដល់បងប្អូនប្រជានេសាទ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការបង្កើតការងារក្នុងគ្រួសារ ដោះស្រាយបញ្ហាប្រឈមនានា មានមុខរបរពិតប្រាកដ ជៀសផុតពីការនេសាទត្រីខុសច្បាប់ នឹងធ្វើឲ្យជីវភាពគ្រួសារប្រសើរឡើង៕