(កំពង់ធំ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញស្ថាប័នអង្គភាពថ្នាក់ក្រោមជាតិទាំងអស់ ផ្តល់សេវាកម្មផ្សេងៗ តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែង ក្នុងបរិបទសេដ្ឋកិច្ចសកល។

លោក ហែម វណ្ណឌី បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចការងារបានយ៉ាងល្អប្រសើរ។

លោក ហែម វណ្ណឌី បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឲ្យថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ច និងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឲ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព។

បន្ថែមពីនោះទៀត លោកបានប្រាប់ឲ្យត្រូវចុះត្រួតពិនិត្យ តាមក្រុមហ៊ុនឯកជន ដែលកំពុងធ្វើអាជីវកម្មទឹកស្អាត ជូនប្រជាពលរដ្ឋ តើត្រឹមត្រូវតាមស្តង់ដាដែរឬទេ ព្រោះបើទឹកមិនស្អាត វាប៉ះពាល់ដល់សុខភាព បរិស្ថាន និងអនាម័យ ក្នុងការរស់នៅ។

តាមការបញ្ជាក់ពីលោក ប្លោក ចាន់រដ្ឋា ប្រធានមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងខេត្តកំពង់ធំមានរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជនចំនួន
២៩មូលដ្ឋាន(រដ្ឋាករ ទឹកសាធារណៈ ២ និងឯកជន ២៧) ដែលកំពុងដំណើរការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ និងកំពុងស្នើសុំប្រកាសអញ្ញាត។

* ប្រតិបត្តិករទឹកស្អាត បានទទួលសេចក្តីព្រាងប្រកាស២មូលដ្ឋាន
* ប្រតិបត្តិករទឹកស្អាត បានដាក់ពាក្យស្នើសុំប្រកាសដល់ក្រសួង២មូលដ្ឋាន។

លោកបន្តថា រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន មានប្រកាសពីក្រសួង ២៥មូលដ្ឋាន (រដ្ឋាករទឹកសាធារណៈ២ និងទឹកស្អាតឯកជន ២៣) ក្នុងនោះមាន៖ រដ្ឋាករទឹកសាធារណៈ២ និងទឹកស្អាតឯកជន១៥មូលដ្ឋាន កំពុងដំណើរការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាជនប្រើប្រាស់, កំពុងដំណើរការសាងសង់៣មូលដ្ឋាន និងមិនទាន់សាងសង់៥មូលដ្ឋាន ដោយមានបុគ្គលិក បម្រើការងារសរុប ចំនួន១៧៧នាក់ ស្រី២៦នាក់៕