(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជុ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០១៦ បានកោះប្រធានមន្ទីរទាំង៥ដែលពាក់ព័ន្ធមាន មន្ទីរជំនាញ ការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ ប្រជុំផ្សព្វផ្សាយជាបន្ទាន់ កិច្ចការការពារធនធានធម្មជាតិ និងការអភិរក្ស​។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​បានប្រគល់ភារកិច្ចជូនក្រសួង​​៦ស្ថាប័ន ដែលក្នុងនោះ​រាជរដ្ឋាភិបាល បានចាត់តាំង​ចំពោះកងយោធពលខេមរភូមិន្ទ ត្រូវផ្សព្វផ្សាយនៅគោលការណ៏មួយចំនួន ដូចជាទី១-ហាមយករថយន្តអង្គភាព​ (ស្លាកលេខរដ្ឋ) មកធ្វើអាជីវកម្មខុសច្បាប់ ទី២-ត្រូវចូលសហការបង្រ្កាបគ្រប់បទល្មើសព្រៃឈើ ទី៣-ជាពិសេសការចូលរួមដាំដើមឈើ ឡើងតាមតំបន់គ្រប់គ្រងរបស់អង្គភាពនិមួយៗ​។

លោកឧត្តមសេនីយត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើងថា ដោយសារតែបទល្មើសនៅតែបន្តកើតមានគ្រាដែល ​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើ ហើយចំណាត់ការ ត្រូវបានបង្រ្កាបករណីបទល្មើសព្រៃឈើទ្រង់ទ្រាយធំៗ បានថយចុះគួរឲ្យកត់សម្គាល់ តែដោយឡែកបទល្មើសតូចៗ មួយចំនួនបន្តកើតមានមិនថយចុះឡើយ។

មេបញ្ជាការ បានបន្តថា «ដោយសារតែព្រៃឈើមានសត្រូវច្រើន យើងជាកងកម្លាំងដាច់ខាតបន្តការសហការជាមួយជំនាញ ស្ថាប័នរដ្ឋ សង្គមស៊ីវិល ដែលមានគោលដៅដូចគ្នា គឺការពារ និងអភិរក្សធនធានធម្មជាតិ ហើយជាពិសេសកម្លាំងតាមមូលដ្ឋានត្រូវចូលរួមអប់រំ ផ្សព្វផ្សាយ​ ចំពោះបងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់កាត់បន្ថយការប្រើប្រាស់អុស ធ្យូង មកប្រើហ្គាស(Gas) អប់រំកុំឲ្យបន្តមុខរបរពីរកស៊ីឈើ (កាប់ឈើ)ឲ្យរកស៊ីមុខរបរផ្សេង»៕