(ភ្នំពេញ)៖ ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់សាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារបស់កម្ពុជា បានចែករំលែកបទពិសោធន៍ក្នុងការរំដោះប្រទេសចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាព និងការកសាងជាតិឡើងវិញ។

ក្នុងពិធីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកកាច់ចង្កូតនាវាកម្ពុជា ចេញពីភ្លើងសង្គ្រាមដោយផ្ទាល់ បានលើកឡើងនូវអ្វីដែលជាបទពិសោធន៍ជាក់ស្ដែង ដោយសង្ខេបចេញពីដំណើរការកសាងសន្ដិភាព និងការផ្សះផ្សាកម្ពុជា ទៅកាន់អង្គពិធីដោយបែងចែកជា៣ចំណុចសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់ លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនា របស់ប្រទេសខ្លួន ពេលនោះហើយដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាព ក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែង ក៏ទាមទារឲ្យមានការចូលរួមពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។

ទោះបីជាកម្ពុជា ទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្តី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេស មិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។

*ទី២៖ សហគមន៍អន្តរជាតិ ត្រូវតែរួមគ្នាការពារសន្តិភាពដែលមានស្រាប់ ជាជាងស្វែងរក ឬកសាងសន្តិភាព ដែលបាត់បង់។ សង្គ្រាម គឺពិតជាងាយបញ្ឆេះ ប៉ុន្ដែដើម្បីបញ្ចប់សង្គ្រាមកម្ពុជា ត្រូវការរយៈពេលជិត៣០ឆ្នាំ។ កម្ពុជាទើបតែមានសន្តិភាពពេញលេញបាន២៦ឆ្នាំប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់ខ្លួន ប៉ុន្តែជាការគួរឲ្យសោកស្ដាយដែលយើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជនយើងមួយចំនួនបានភ្លេចនូវគុណតម្លៃ នៃសន្តិភាពជាបណ្ដើរៗ ហើយខ្លះទៀតថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។

និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់ ដែលសហគមន៍អន្តរជាតិ ទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋ អំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ។

*ទី៣៖ បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សា យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាប័ន្ន។ តាមរយៈបទពិសោធន៍របស់កម្ពុជា, យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានាក្នុងការធានាសន្តិភាព ឲ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចពីសារសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ, ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏សម្ដេចនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។

កម្ពុជាទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព នៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង និងអំពើហិង្សា ឬការបះបោរ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែកម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ។ អ្វីដែលសំខាន់ផងដែរនោះ គឺអំពើហិង្សាក្នុងពេលបោះឆ្នោត បានរលាយសាបសូន្យតែម្តងពីឆាកនយោបាយកម្ពុជា បន្ទាប់ពីការសម្រេចជោគជ័យនៃនយោបាយឈ្នះឈ្នះ។ នេះជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាង នយោបាយ និង ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

អតីតនាយករដ្ឋមន្ដ្រីរបស់កម្ពុជារូបនេះ បានបន្ដទៀតថា ការជំរុញការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិយាប័ន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់ សម្រាប់រក្សាសន្តិភាព ឲ្យស្ថិតស្ថេរគង់វង្ស ។ នៅពេលដែលមាន ប្រទេសមានប្រជាជនក្រីក្រច្រើន ពលរដ្ឋគ្មានការងារធ្វើ គ្មានចំណេះដឹង ពលរដ្ឋនឹងងាយជឿលង់ ទៅនឹងមនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរកការទម្លាក់កំហុស ទៅលើស្ថាប័ន ឬក្រុមសង្គមណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ ដូច្នេះហើយនេះគឺពិតជាអម្រែកដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ព្រោះថាពួកគេពិតជាគ្មានវេទមន្ត ដើម្បីជប់ឲ្យមានការអភិវឌ្ឍ ជឿនលឿនភ្លាមៗ លើគ្រប់វិស័យ នៅទូទាំងប្រទេស តាមចិត្តដែលមជ្ឈដ្ឋានប្រជាពលរដ្ឋមួយ ចំនួនចង់បាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា រដ្ឋាភិបាលពិតជាត្រូវការការចូលរួម និងយោគយល់ពីប្រជាពលរដ្ឋទូទៅ អំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយ ពុំមានមធ្យោបាយ និងធនធានគ្រប់គ្រាន់ដូចប្រទេសជឿនលឿនដទៃទៀត។ ត្រង់ចំណុចនេះ សម្ដេចក៏ចង់ឲ្យប្រទេសជឿនលឿន យល់ពីការលំបាករបស់ប្រទេសកំពុងអភិវឌ្ឍផងដែរ។

សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញការជួយជ្រោមជ្រែងពីមិត្ត មិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធានរបស់យើង ហើយឆ្លៀតទៅបង្ហោះ កំហឹងពលរដ្ឋ និងគាំទ្រមនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។ កម្ពុជាចង់បានការគាំទ្រ ជាជាងការបណ្តុះបង្អាប់ បន្ទុចបង្អាក់ និងរារាំង ជម្រើសនៃមាគ៌ាអភិវឌ្ឍ ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព ការលំបាក និងសោកនាដកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបោះនូវក្ដីសង្ឃឹមថា បាឋកថាថ្ងៃនេះ នឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាព ឲ្យបានគង់វង្សយូរអង្វែង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៕