(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាថ្ងៃ១៤-១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នឹងជាថ្ងៃចេញព្រះវស្សា ក្នុងគោលបំណងបង្ក បរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អត្រៀម ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងអកអំបុក សំពះព្រះខែ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញក្នុងកំឡុងខែវិច្ឆិកា នាពេលខាងមុខ។

ទូកដែលត្រូវចូលរួមប្រណាំងត្រូវបានបែងចែកជា៣ប្រភេទ ក្នុងនោះមាន៖ ប្រភេទទូកង (ទូកវែង) ប្រភេទទូកខ្នាតអន្តរជាតិ (ចំណុះ២២នាក់) និងប្រភេទ ទូកផ្ការចារ។ សម្រាប់ប្រភេទទូកផ្កាចារ កំណត់យកទូកដែលមានចំណុះ ចាប់ពី១៣នាក់ ដល់ ១៦នាក់ និងជាប្រភេទទូកកសាងឡើងសម្រាប់ចូលរួមប្រណាំង មិនមែនជាប្រភេទទូកសម្រាប់នេសាទ ឬដឹកទំនិញឡើយ។

ដើម្បីធានាបានការរៀបចំពិធីប្រណាំងទូកនេះ ទទួលបានជោគជ័យតាមការគ្រោងទុក រដ្ឋបាលខេត្ត សូមណែនាំដល់លោក លោកស្រីប្រធានមន្ទីរ អង្គភាព អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោម៖

*ទី១៖ អភិបាលក្រុងស្រុក ត្រូវផ្សព្វផ្សាយបន្តអំពីព័ត៌មាន នៃការត្រៀមរៀបចំពិធីប្រណាំងទូកឆ្នាំនេះ ដល់ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការគ្រប់គ្រងទូកគ្រប់មូលដ្ឋាន ដែលមានបំណងចូលរួមប្រណាំង ឲ្យត្រៀមលក្ខណៈពីចម្ងាយ។ ជាមួយគ្នានេះ ក្រុងស្រុក ត្រូវរៀបចំចងក្រងបញ្ជីឈ្មោះទូក ដែលត្រូវចូលរួមប្រណាំង រួចផ្តើមករដ្ឋបាលខេត្ត ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។

*ទី២៖ លោក លោកស្រីប្រធានមន្ទីរ អង្គភាព សូមបន្តគាំទ្រទាំងផ្នែកសម្ភារ ថវិកា និងស្មារតីដល់គណៈកម្មការ និងកីឡាករទូកទាំងមុនពេល និងទាំងក្នុងពេលប្រណាំង ដូចជាការជួសជុលការកសាងទូក និងការហ្វឹកហាត់កីឡាករឲ្យមានសមត្ថភាពគ្រប់គ្រាន់និងល្អប្រសើរជាដើម។

*ទី៣៖ សូមកៀរគររកសប្បុរសជនជួយឧបត្ថម្ភគាំទ្រដល់ទូកក្នុងមូលដ្ឋានរបស់ខ្លួន៕