(កូរ៉េខាងត្បូង)៖ ដោយសារតែនៅ៣ឆ្នាំខាងមុខ​ ជាពេលដែលប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ប្រារព្ធអនុស្សាវរីយ៍ទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើដល់លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ពិចារណា​លើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ការស្នើរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ ​បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច មកសាធារណរដ្ឋកូរ៉េសាជាថ្មីម្ដងទៀត ដើម្បីចូលរួមក្នុង «វេទិកាចំណេះដឹងពិភពលោក»

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ លោកប្រធានាធិបតី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ​

សម្តេចតេជោបានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាជាច្រើន បន្ទាប់ពីលោក Yoon Suk-Yeol បានជាប់ឆ្នោតជាប្រធានាធិបតី ហើយក្នុងឋានៈសម្ដេច ជាស្ថាបនិកនៃការបង្កើត​ទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ សម្ដេចមានការរីករាយ និងមានមោទនភាព ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរលើគ្រប់វិស័យ។

សម្ដេចតេជោ ក៏បានរំលឹកផងដែរ ចំពោះការខិតខំប្រឹងប្រែងតស៊ូជំនះ រាល់ឧបសគ្គប្រឈមនូវបញ្ហាជាជាច្រើន រហូតបានចាប់ផ្ដើមនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយបច្ចុប្បន្នមានភាពល្អប្រសើរជាលំដាប់។

សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងវាយតម្លៃខ្ពស់ផងដែរ ដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានលើកកម្ពស់ទំនាក់ទំនងដល់កម្រិតយុទ្ធសាស្ត្រ។

សម្ដេចតេជោ បានអរគុណ និងមានអារម្មណ៍ជំពាក់គុណរដ្ឋាភិបាលកូរ៉េ ដែលបានជួយកម្ពុជា នៅក្នុងពេលលំបាកដែលពិភពលោក ប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ដោយសារ​សាធារណរដ្ឋកូរ៉េមួយគត់ បានរក្សាជើងហោះហើរជាមួយកម្ពុជា ​ដែលជាច្រកចេញចូលតែមួយគត់​ឱ្យកម្ពុជា មានប្រជាពលរដ្ឋខ្មែរ និងជនបរទេសអាចចេញចូល​បាន ខណៈពេលដែលបណ្ដាប្រទេសមួយចំនួន បានបិទច្រកចេញចូល និងបិទជើងហើររបស់ខ្លួនជាមួយកម្ពុជា។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេស និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរ សាធារណរដ្ឋកូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានជម្រាបលោកប្រធានាធិបតីកូរ៉េផងដែរថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានថ្លែងនូវអំណរគុណ ចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។

ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះ កម្ពុជាមានលទ្ធភាពច្រើន ក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសយើងទាំងពីរនឹងមានឱកាស ជំរុញឱ្យអ្នកវិនិយោគកូរ៉េ ទៅបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្ដេចតេជោបានស្នើប្រធានាធិបតី​ ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយ​ការរៀបចំបង្កើត​តំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ​។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញនៅចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។ សម្ដេចតេជោ​សង្ឃឹមថា លោប្រធានាធិបតី នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជាមកបំពេញការងារនៅប្រទេសកូរ៉េ។

សម្ដេចតេជោ ក៏បានជម្រាបលោកប្រធានាធិបតីផងដែរថា លទ្ធផលនៃកិច្ចពិភាក្សាកន្លងមកជាមួយភាគីកូរ៉េ ពិសេសអតីតប្រធានសភា និងនិងក្រុមហ៊ុន Camko Motor និង Camko Infracore សាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ ក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញពលករកម្ពុជា ដើម្បីបម្រើការងារនៅកម្ពុជា និងនៅកូរ៉េផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី ពីសម្រេចចិត្តរបស់សម្តេច ក្នុងការដកខ្លួនចេញពីអំណាចនីតិប្រតិបត្តិ មកអំណាចនីតិប្បញ្ញត្តិវិញ​ បើទោះបីសម្ដេច នៅមានសុខភាពល្អ និងមានលទ្ធភាពអាចបន្តធ្វើនាយករដ្ឋមន្ត្រី១អាណត្តិ ឬ ២អាណត្តិទៀតក៏ដោយ។ ការសម្រេចនេះ ​គឺជាការលះបង់ដើម្បីប្ដូរយកមកវិញនូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង និងចៀសវាងវិបត្តិផ្សេងៗ ដែលកម្ពុជាធ្លាប់មានពីអតីតកាល នៅពេលដែលមានការផ្លាស់ប្ដូរអ្នកកាន់អំណាចនោះ។

ជាចុងក្រោយ សម្ដេចតេជោ បានពាំនាំជូនលោកប្រធានាធិបតី នូវព្រះរាជសារ​អញ្ជើញពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញលោកប្រធានាធិបតី មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។

ជាកិច្ចឆ្លើយតប លោកប្រធានាធិបតី បានសម្ដែងនូវការចាប់អារម្មណ៍ខ្លាំង ដែលកម្ពុជាធ្លាប់តែទទួលរងគ្រោះការឈឺចាប់ តែបាននាំមកវិញនូវសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយសម្ដេចតេជោ គឺជាមេដឹកនាំដ៏សកម្មមួយរូប ក្នុងការនាំមកនូវការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោផងដែរ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីក​ទំនាក់ទំនង​រវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ។

លោកបានសម្ដែងការរីករាយ ដោយបានឃើញថា ទំនាក់ទំនងភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្ម មានការកើនឡើងចេញលំដាប់គួរឱ្យកត់សម្គាល់។ ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច លោកមានការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការចំពោះវិស័យផ្សេងៗទៀត ដូចជា វិស័យយោធា ប្រតិបត្តិការរក្សាសន្តិភាព (PKO) ​និងការប្រយុទ្ធប្រឆាំងអំពើ​ភេរវកម្ម ។ល។

លោកប្រធានាធិបតី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសយើងទាំងពីរ បានជំរុញថែមទៀតលើពាណិជ្ជកម្ម និងការវិនិយោគ។ ទាក់ទងនឹងការសាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ លោកប្រធានាធិបតី បានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ ​នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។

លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។

លោកប្រធានាធិបតីក៏បានរំលឹកថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋកូរ៉េ កាលពីឧសភាកន្លងមក រដ្ឋាភិបាលកូរ៉េបានបង្កើនចំនួនឥណទាន ODA ដើម្បីការអភិវឌ្ឍកកម្ពុជាបន្ថែមទៀតផងដែរ។ ក្រៅពីនេះ កម្ពុជា គឺជាដៃគូពេញលេញរបស់សាធារណរដ្ឋកូរ៉េ នៅក្នុងទំនាក់ទំនងនានាក្នុងក្របខណ្ឌអាស៊ានផងដែរ។

លោកប្រធានាធិបតី ក៏បានសំដែងនូវការដឹងគុណ សម្តេចតេជោ ចំពោះទំនាក់ទំនងនេះ និង បន្តពឹងផ្អែកលើតួនាទីរបស់សម្តេចតេជោ នៅក្នុងក្របខ័ណ្ឌពហុភាគីនេះ។

លោកប្រធានាធិបតី បានស្នើសម្ដេចតេជោប្រធានព្រឹទ្ធសភាពាំនាំថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា នូវការសួរសុខទុក្ខ និងការទទួលយកការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រ ដោយរីករាយបំផុត និងបានជូនពរ សម្ដេចតេជោ ​និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ៕