(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០២៤ នៅទូទាំងប្រទេស ទទួលបានលទ្ធផលល្អប្រសើរ ខណៈការចុះឈ្មោះលើសពី ៥០ភាគរយ នៃចំនួនអ្នកគ្រប់អាយុ។

ក្នុងឱកាសចុះពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា តាមផែនការមានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតក្នុងរង្វង់ជាង ២០ម៉ឺននាក់ ប៉ុន្តែ មកដល់ព្រឹកថ្ងៃទី១២ ខែកញ្ញានេះ មានអ្នកមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ជាង១៣ម៉ឺននាក់ហើយ ដែលចំនួនលើស៥០ភាគរយ។ ខណៈនៅរាជធានីភ្នំពេញ នៅថ្ងៃនេះអាចនឹងគ្រប់ផែនការប៉ាន់ស្មានចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតថ្មី។

ជាមួយគ្នានេះដែរ លោក ប្រាជ្ញ ចន្ទ បានបន្ថែមថា តាមរយៈសន្ទុះនៃការអញ្ជើញមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី និងការមកពិនិត្យបញ្ជីឈ្មោះរបស់ខ្លួន សបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងបានយល់ដឹងពីសារៈសំខាន់នៃការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត។

ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់មកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី សូមមេត្តាអញ្ជើញម ពិនិត្យ និងចុះឈឈ្មោះនៅតាមសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅឱ្យបានគ្រប់ៗគ្នា។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។

ដូចនេះ សូមអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវទៅតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតបាន។

ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។

សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2024 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រចាំថ្ងៃ៕