(ហាណូយ)៖ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសពីគោលបំណងបិទ បញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេស របស់ លោកគឺលោក Perfecto Yasay បានអះអាងថាការធ្វើសមយុទ្ធធារួមគ្នានៅឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ខណៈសមយុទ្ធយោធាសម្រាប់ឆ្នាំ២០១៨ អាចនឹងត្រូវបានពិនិត្យជាថ្មី ឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ថ្លែងក្នុងឱកាសបំពេញដំណើរទស្សនកិច្ច មកកាន់ប្រទេសវៀតណាម លោក Duterte បានប្រកាសថា សមយុទ្ធយោធារវាងទីក្រុងម៉ានីល និង ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងនឹងធ្វើឡើងចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែតុលា ខាងមុខនេះ នឹងក្លាយជាសមយុទ្ធយោធាលើកចុងក្រោយរវាងប្រទេសទំាងពីរ។ តែយ៉ាងណាក៏ដោយ លោក Perfecto Yasay បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធយោធាសម្រាប់ឆ្នាំ២០១៧ ត្រូវបានអនុម័តរួចមកហើយ ដោយរដ្ឋាភិបាលកាលពីអណត្តិមុន រីឯសមយុទ្ធយោធានៅឆ្នាំបន្តបន្ទាប់ទៀត នឹងត្រូវពិនិត្យឡើងវិញ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន ធ្វើឡើងនៅចំបរិបទនៃភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និង ក្រោយពេលដែលលោក Duterte អះអាងថា លោកនឹងបង្កើតសម្ព័ន្ធភាពថ្មីមួយ ជាមួយចិន និងរុស្ស៊ី។ វាមិនមែនជាលើកទីមួយទេ ដែលរដ្ឋមន្ត្រី ការបរទេសហ្វីលីពីន ចេញមុខបកស្រាយក្រោយលោក Duterte ថ្លែងរឿងរសើប ដូចជាកាលពី ការជេរលោក បារ៉ាក់ អូបាម៉ា និង លោក បាន គីមូន ព្រមទាំងសហភាពអឺរ៉ុបនោះ ក៏ប្រមុខការទូត ហ្វីលីពីន បានចេញមុខបកស្រាយសម្រួលស្ថានការណ៍ផងដែរ៕