(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំនិស្សិត បុគ្គលិក និងសាស្រ្តាចារ្យ ចំនួន ៩នាក់ ចូលរួមកម្មវិធីបោះជំរុំនៅ សាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត (ARU) នៃព្រះរាជាណាចក្រថៃ ដោយមានការសម្របសម្រួលពីលោកស្រីបណ្ឌិត Sumana Poonphon និងមាននិស្សិត ARU បានចូលរួមប្រមាណជា ៣៥នាក់។
ការបង្កើតឱ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណងសំខាន់ផ្តោតលើសកម្មភាពផ្លាស់ប្តូរវប្បធម៌គ្នារវាងវប្បធម៌ប្រពៃណីខ្មែរ និងវប្បធម៌ ប្រពៃណីថៃ ការចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ ការចម្អិនម្ហូប និងការធ្វើកំសាន្តទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តនៃខេត្តអាយុធ្យា។
សកម្មភាពនៃការបោះជំរុំថ្ងៃទី១ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានលើកយកនូវចង្វាក់រាំប្រជាប្រិយខ្មែរមួយចំនួនដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បីបង្ហាញទៅដល់និស្សិត ARU និង រាំកំសាន្តចង្វាក់ប្រពៃណីនៃប្រទេសទាំងពីររួមគ្នាផងដែរ។
នៅថ្ងៃបន្ទាប់ និស្សិតនៃប្រទេសទាំងពីរ បានចូលរួមបង្ហាញមុខម្ហូបប្រចាំប្រទេស ដែលនិស្សិត AEU បានធ្វើសម្លរនំបញ្ចុកខ្មែរ សម្លម្ជូរព្រៃ និងញ៉ាំម្កាក់ត្រីឆ្អើរ ចំណែកឯនិស្សិត ARU បានធ្វើមុខម្ហូបដែលមានឈ្មោះ ផាត់ថៃ។ យើងសង្កេតឃើញថាអ្នកចូលរួមទាំងអស់មានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីមុខម្ហូបរបស់ខ្មែរយើង។ បន្ទាប់មកទៀតនិស្សិតទាំងអស់បានចូលរួមរៀនពីរបៀបធ្វើបង្អែម និងចូលរួមលេងល្បែង កំសាន្តផ្សេងៗផងដែរ។
ជាមួយគ្នា សាកលវិទ្យាល័យនៃប្រទេសទាំងពីរ ក៏បានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន ចំណេះដឹងនៃការបង្រៀនរបស់សាស្រ្តាចារ្យ ហើយក្នុងកម្មវិធីនេះបានផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃការកសាង Web App ដល់និស្សិត ARU ដោយបានបង្ហាញពីរបៀបប្រើប្រាស់ HTML CSS និង JavaScript/JQuery និងអត្ថប្រយោជន៍របស់ផងដែរ។
ក្នុងនេះសាស្រ្តាចារ្យរបស់ AEU ក៏បានលើកយក Bootstrap ដែលជា Framework ថ្មីមួយសម្រាប់កសាង Web Application បានយ៉ាង រហ័ស ព្រោះវាបានបញ្ចូល HTML CSS និង JavaScript/JQuery ដែលជាលក្ខណៈមួយបង្កឲ្យមានងាយស្រួលដល់អ្នកប្រើប្រាស់ framework នេះ។ ក្នុងកម្មវិធីនេះសាស្រ្តាចារ្យក៏បានដាក់ជាគម្រោង (Projects) តូចៗសម្រាប់និស្សិត ARU រៀនបង្កើតដោយរៀបចំនៅលើ ក្រដាស បន្ទាប់មកកសាងទៅជា Web App ទៅតាមគ្រោងរបស់គាត់ក្រោយពីសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើ បទបង្ហាញចប់។
ជាលទ្ធផលពិនិត្យឃើញថា និស្សិតបានបង្កើត Web App ទទួលបានជោគជ័យ ក្នុងនោះក៏មាននិស្សិតចំនួនបីរូបដែលបានកសាង គេហទំព័របានល្អជាងគេ ហើយក៏បានទទួលរង្វាន់លើកទឹកចិត្តផងដែរ។ បន្ទាប់មកបណ្ឌិត Sanit Sawatdikar ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានចូលរួមចែកវិញ្ញាបត្របញ្ជាក់ពីការចូលរួមរបស់និស្សិតក្នុងការសិក្សានេះផងដែរ។
ស្ថិតឱកាសកម្មវិធីបោះជំរុំនិងទស្សកិច្ចសិក្សារយៈពេល ៦ថ្ងៃនេះ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ កាសេមបណ្ឌិត។ ក្នុងអំឡុងពេលទស្សនកិច្ចនេះផងដែរ Dr. Suwat Suwadee, Vice President of Kasem Bandit University បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានមកទស្សកិច្ចសិក្សា និងបានដឹកនាំទស្សនាអំពីសាកលវិទ្យាល័យផងដែរ៕