(អាឡេប៉ូ)៖ សង្គ្រាមនៅស៊ីរី មិនមែនត្រឹមតែបានបំផ្លាញជីវភាពរស់នៅ ប្រចំាថ្ងៃរបស់ប្រជាជនស៊ីរី នោះទេ តែវាក៏បានធ្វើឱ្យជីវិតសត្វ ជាពិសេសគឺសត្វឆ្មា នៅក្នុងទីក្រុងអាឡេប៉ូ ផ្លាស់ប្ដូរក្លាយជា ឆ្មាអនាថាផងដែរ។ ស្ថានីយ៍ទូរទស្សន៍ BBC បានផ្សាយនូវបទយកការណ៍មួយស្ដីពី បុរសម្នាក់ឈ្មោះ Mohammad Alaa Jaleel រស់នៅក្នុងទីក្រុងអាឡេប៉ូ ជាទីដែលគាត់បានចិញ្ចឹមសត្វឆ្មាអនាថា រាប់សិបក្បាល។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC លោក Mohammad Alaa Jaleel បាននិយាយថា «មនុស្សមួយចំនួន បានយកសត្វឆ្មាមកផ្ញើនឹងខ្ញុំ ព្រោះថាពួកគេដឹងថាខ្ញុំចូលចិត្តសត្វឆ្មា ហើយឆ្មាអនាថាទាំងអស់នៅក្នុង ទីក្រុងអាឡេប៉ូ រួមទំាងឆ្មា ដែលម្ចាស់បោះបង់ចោល ត្រូវបានខ្ញុំយកមកថែទំានៅកន្លែងចិញ្ចឹមសត្វ របស់ខ្ញុំ»។ លោកបានបន្ថែមថា «នៅថ្ងៃមួយមានក្មេងស្រីម្នាក់ បានយកឆ្មាមកផ្ញើខ្ញុំ ដោយប្រាប់ថា គ្រួសាររបស់នាង ចង់ភៀសខ្លួនទៅបរទេស តែនាងបានយំនៅពេលប្រគល់វាមកឱ្យខ្ញុំ និងបញ្ជាក់ថា ឱ្យខ្ញុំប្រគល់វាឱ្យនាង នៅពេលដែលនាង ត្រឡប់មកស្រុកវិញ។ ខ្ញុំបានថតរូបសត្វឆ្មានោះផ្ញើទៅនាង នៅប្រទេសតួកគី»។
គួររំលឹកថា មិត្តភក្កិជាច្រើននាក់ របស់លោក Mohammad Alaa Jaleel បានរត់ភៀសខ្លួនពីសង្រ្គាម ក៏ប៉ុន្តែលោកបានពន្យល់ថា លោកមិនអាចបោះបង់ចោលសត្វឆ្មាជិត ១០០ក្បាល នៅកន្លែងចិញ្ចឹម របស់លោកបាន នោះឡើយ ដែលនេះជាហេតុផលធ្វើឱ្យអ្នកស្រុកអាឡេប៉ូ ដាក់រហ័ស្សនាមឱ្យលោក «បុរសឆ្មាអាឡេប៉ូ»។ សង្គ្រាមនៅស៊ីរី បានចាប់ផ្តើមឡើងកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០១១ ហើយមកដល់ឆ្នាំ២០១៦នេះ មនុស្សរាប់លាននាក់បានរត់ភៀសខ្លួន និង រាប់ម៉ឺននាក់បាតបង់ជីវិត ខណៈទីក្រុងអាឡេប៉ូ បានក្លាយជាចំណុចក្តៅជាងគេ៕