(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកពន្យល់អំពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិ។

ការចេញមកពន្យល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក៏ដូចជាកន្លងមកហើយមានការចោទ ប្រកាន់ពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ក៏ដូចជាប្រព័ន្ធឃោសនាមួយចំនួនថា រាជរដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ ធ្វើទុក្ខបុកម្នេញអ្នករិះគន់ រំលោភសិទ្ធិមនុស្ស និងចោទថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថា ផ្តាច់ការជាដើម។

លោក ប៉ែន បូណា បានឱ្យដឹងថា ចំណាត់ការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ គឺជាដំណើរការនីតិវិធីធម្មតាក្នុងប្រទេសនីតិរដ្ឋដែលគ្រប់ប្រទេសលើពិភពលោកទាំងអស់ អនុវត្តដូចៗគ្នា។ ការអនុវត្តច្បាប់មិនត្រូវបានចាត់ទុកថា ជាការបំបិទសិទ្ធិសេរីភាព ការធ្វើទុក្ខបុកម្នេញ ឬរំលោភសិទ្ធិមនុស្សនោះទេ។

លោកសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលធានាការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា និងជំរុញលើកទឹកចិត្តឱ្យបងប្អូនយើងបញ្ចេញមតិ និងរិះគន់ស្ថាបនាគ្រប់បញ្ហាទាំងអស់ ដើម្បីរាជរដ្ឋាភិបាលយកមកពិនិត្យពិចារណា និងជាធាតុចូលមួយក្នុងយុទ្ធសាស្ត្រដឹកនាំប្រទេស។ ប៉ុន្តែរាល់ការជេរប្រមាថ ចោទប្រកាន់មួលបង្កាច់គឺជាអំពើខុសច្បាប់ និងត្រូវចាត់វិធានការផ្លូវច្បាប់ជាចាំបាច់ដូច្នេះបងប្អូនមិនត្រូវប្រព្រឹត្តសកម្មភាពណាមួយដែលច្បាប់ ហាមឃាត់ទេ។

ជនណាក៏ដោយ ដែលប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែទទួលនូវចំណាត់ការផ្លូវច្បាប់ជាចាំបាច់។ ហើយហេតុអ្វីបានជាត្រូវចាត់ការទៅតាមនីតិវិធីច្បាប់គឺដើម្បីការពារសន្តិភាព ការពារភាពសុខសាន្ត សណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើយ៉ាងណារក្សាឱ្យបាន ស្ថិរភាពសង្គមដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស ១៧លាននាក់ ដើម្បីការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
 
សូមស្តាប់ការពន្យល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដូចខាងក្រោម៖